(បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខថ្មីៗនេះ មានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro Max នឹងចេញមកជាមួយនឹងកម្លាំងថ្មខ្លាំងជាងមុន និងកាន់ថ្មបានយូរជាងមុន បើធៀបទៅ iPhone 15 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ប្រភពពីអ្នកវិភាគទីផ្សារ iPhone ដ៏ល្បីលោក Ming-Chi Kuo បានអះអាងថា ថ្មរបស់ iPhone 16 Pro Max នឹងបំពាក់នូវដង់ស៊ីតេថាមពលខ្ពស់ជាង បើធៀបនឹងថ្មដែលប្រើនៅក្នុង iPhone 15 Pro Max នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងបង្កើនទំហំដង់ស៊ីតេនេះ ក៏អាចធ្វើឱ្យថ្មកើនឡើងកម្តៅខ្លាំងជាងមុនផងដែល ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ មានពាក្យចចាមអារ៉ាមមកថា Apple កំពុងពិចារណាប្រើស្រោមដែកអ៊ីណុករុំជុំវិញថ្ម។

ប្រភពពីលោក Ming-Chi Kuo ដដែលបានឱ្យដឹងទៀតថា ទំហំថ្មដែលរំពឹងទុកនៅលើ iPhone 16 Pro Max នឹងមានទំហំ 4,676mAh (មីលីអំពែម៉ោង) ដែលជាការកើនឡើងពីថាមពលថ្ម 4,441mAh នៅក្នុង iPhone 15 Pro Max។

គួរជម្រាបថា ក្រុមហ៊ុន Sunway នឹងក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏ធំនៃប្រអប់ថ្មដែលអ៊ីណុកសម្រាប់ iPhone 16 Pro Max ថ្មី ហើយប្រសិនបើដំណើរការផលិតកម្មដំបូងទទួលបានជោគជ័យ Apple អាចនឹងអនុវត្តសំបកថ្មថ្មីលើ iPhone 17 គ្រប់ម៉ូដែលតែម្តង៕