(ភ្នំពេញ)៖ ណាហ្គាវើលដ៍ មានមោទនភាពសូមប្រកាសអំពីការឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព «ល្អបំផុតប្រចាំប្រទេសកម្ពុជា» នៅក្នុងផ្នែក «ឧត្តមភាពប្រចាំប្រទេស» (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)។

នេះជាឆ្នាំទី៤ ជាប់ៗគ្នាដែលណាហ្គាវើលដ៍ ទទួលបានពានរង្វាន់នេះ ខណៈក្រុមហ៊ុនលំដាប់ពិភពលោកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរ ទៅលើការអនុវត្តការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ សូមរំឭកថា កម្មវិធីការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់នៅក្នុងផ្នែកនេះសរុប៦ដង សម្រាប់ការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង។

សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ ដែលត្រូវបានស្គាល់ថាជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ការងារសង្គមធំបំផុតប្រចាំទ្វីបអាស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Novotel Hanoi Thai Ha ប្រទេសវៀតណាម។ អង្គភាពនេះបានទទួលពាក្យស្នើសុំប្រកួតប្រជែងជាង ២៥០ និងការចូលរួមពីក្រុមហ៊ុន ១៣០ មកពីប្រទេសនានានៅក្នុងតំបន់។ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Pinnacle Group International ព្រឹត្តិការណ៍នេះផ្តោតទៅលើនិរន្តរភាព និងទទួលស្គាល់ស្នាដៃឆ្នើមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគុណតម្លៃវិជ្ជាជីវៈ ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងការគាំពារបរិស្ថាន។

មានមតិទៅលើស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា «ពួកយើងមានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលពានរង្វាន់ប្លាទីនីម «ល្អបំផុតប្រចាំប្រទេសកម្ពុជា»។ ស្នាដៃនេះ បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគំនិតផ្តួចផ្តើមនៅតាមមូលដ្ឋាន របស់ក្រុមការងារសង្គមណាហ្គាវើលដ៍ បេះដូងសប្បុរសរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបុគ្គលិករបស់យើងសាមគ្គីគ្នា និងតែងតែស័្មគ្រចិត្ត ចុះជួយសហគមន៍របស់យើង ដែលមកដល់បច្ចុប្បន្នបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណ ៥១៦,៧៩៧នាក់។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជួយដល់សង្គម និងការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិផងដែរ»

ពិធីប្រគល់ពានរង្វាន់ក្រោមវត្តមានរបស់លោក Pham The Dung អគ្គនាយករងនៃទីភ្នាក់ងាររដ្ឋសម្រាប់នវានុវត្តន៍បច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់អំពីស្នាដៃឆ្នើមរបស់ណាហ្គាវើលដ៍នៅក្នុងកិច្ចការនិរន្តរភាព និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

គួរបញ្ជាក់ផងដែរថា សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ បន្តភាពនាំមុខគេក្នុងការទទួលស្គាល់ក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើសង្គម និងបរិស្ថាន។ ពានរង្វាន់បា្លទីនីមរបស់ណាហ្គាវើលដ៍នៅក្នុងផ្នែក «ការងារសង្គមឆ្នើមប្រចាំប្រទេសកម្ពុជា» បង្ហាញអំពីភាពជាអ្នកដឹកនាំ នៅក្នុងការងារទំនួលខុសត្រូវសង្គម និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕