(ឡុងដ៏)៖ ក្រុមមេឃខៀវ Manchester City បានឈ្នះ នឹងការពារតំណែងជើងឯកលីគអង់គ្លេស Premier league 2023-24 បានដោយជោគជ័យក្លាយជាការឈ្នះពាន ៤រដូវកាលជាប់ៗគ្នាជាប្រវត្តិសាស្ត្រលីគ-ក្លិប នឹងជាលើកទី៨ របស់ក្លិប ជាមួយរដូវកាលនេះពួកគេបានបញ្ចប់ដោយការរកបាន ៩១ពិន្ទុ ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola ពីការឆ្លងកាត់ ៣៨ប្រកួតពេញ។

ក្រុមឈរលេខ២ កាំភ្លើងធំ Arsenal នៅតែមិនអាចរកបាននៅការលើកពានលីគជាថ្មីម្តងទៀតបាននោះទេ ក្រោយពេលរកបានត្រឹម ៨៩ពិន្ទុ ពីការលេង ៣៨ប្រកួតដូចគ្នា ដែលពួកគេបានចាញ់ដល់ទៅ ៥ប្រកួតក្នុងរដូវកាលនេះ ដ្បិត ១ប្រកួតចុងក្រោយបានយកឈ្នះ Everton ២-១ ពីការព្យាយាមលេងក្រោមការដឹកនាំដោយលោក Mikel Arteta ហើយនេះជាការបញ្ចប់ក្នុងលេខរៀងទី២ ដូចរដូវកាល២០២២-២៣។

១ប្រកួតលើកពានរបស់ Man City គឺជាការយកឈ្នះក្រុម West Ham United ៣-១ ពីការស៊ុតដោយកីឡាករ Phil Foden រកបាន ២គ្រាប់ម្នាក់ឯង រួមជាមួយនឹង Rodri ខណៈដែលកីឡាករវ័យក្មេង Foden ក៏បានឈ្នះពាន Football Writers’ Association នឹងបាន Premier League Player of the Year awards ផងដែរ ជាមួយការរកបាន ១៩គ្រាប់ក្នុងលីគ នឹងស៊ុតសរុបបាន ៥១គ្រាប់នៅគ្រប់កម្មវិធីក្លិប។

ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Erling Haaland បានឈ្នះពានស្បែកជើងមាសប្រចាំរដូវកាលនេះ ក្រោយស៊ុតបាន ២៧គ្រាប់ច្រើនជាងគេ នឹងជាលើកទី២ របស់គេផងដែរនៅលីគអង់គ្លេសនេះ។

ដូចនេះ សម្រាប់តំណែង ៤ក្រុមកំពូលតារាងលីគអង់គ្លេស ដែលមាមសិទ្ធលេងពានអឺរ៉ុប Champions league ជាផ្លូវការរដូវកាលក្រោយនោះ មានក្រុមជើងឯកមេឃខៀវ Man City ក្រុមលេខ២ Arsenal, ក្រុមលេខ៣ Liverpool និងក្រុមលេខ៤ Aston Villa ដ្បិតក្រុម Spurs មានឱកាសលេងពានទី២ Europa League និងក្រុម Chelsea លេងវគ្គជម្រុះ Conference League រដូវកាលក្រោយ៕