(ប៉ារីស)៖ បណ្តាលីគល្បីៗ និងធំៗទាំង៥ នៅអឺរ៉ុប ត្រូវបានរកឃើញជើងឯកអស់ហើយ នៅឡើយតែអេស្ប៉ាញ និងអ៊ីតាលីប៉ុណ្ណោះ មិនទាន់លេងបិទរដូវកាលនេះនៅឡើយទេ។

ជាមួយគ្នានោះ Premier League គឺជាលីគរកឃើញជើងឯកក្រោយគេបង្អស់ ពោលគឺនៅថ្ងៃលេងបិទរដូវកាលតែម្តងកាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ដោយបានទៅលើក្រុម Manchester City ដែលបន្តគ្រប់គ្រង ៤រដូវកាលជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០២១ មកតពីហង្សក្រហម Liverpool ដែលឈ្នះចុងក្រោយកាលឆ្នាំ២០២០។

ដោយឡែកសម្រាប់ Ligue 1 របស់បារាំងវិញ គឺបានទៅលើក្រុមជើងឯកចាស់ដដែល Paris Saint Germain ជាមួយនឹង ៧៦ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ Monaco ដែលមានតែ ៦៧ពិន្ទុប៉ុណ្ណោះ ក្នុងចំណោមតែ ១៨ក្រុម និងលេង ៣៤ប្រកួតសរុបនារដូវកាលឆ្នាំ២០២៣-២០២៤។

បើក្រឡេកទៅមើល Bundesliga របស់អាល្លឺម៉ង់វិញ បានធ្វើការផ្លាស់ជើងឯកហើយ ដោយបានទៅលើ Bayer Leverkusen ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ស្ថិតក្នុងរដូវកាលដំបូងរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Xabi Alonso ទៀតផង ដោយបញ្ចប់រជ្ជកាលកាន់ពានលីគនេះចំនួន ១១រដូវកាលជាប់ៗគ្នារបស់ Bayern Munich។

Serie A របស់អ៊ីតាលី និង La Liga របស់អេស្ប៉ាញ មិនទាន់លេងបិទរដូវកាល និងនៅសល់ ១ប្រកួតទៀតដូចគ្នា ដ្បិតក្រុម Inter Milan មានពិន្ទុដាច់ក្រុមលេខ២ AC Milan និងត្រូវបានប្រកាសជើងឯកមុនបិទរដូវកាលហើយដែរ ស្របពេល Real Madrid ដណ្តើមពានលីគពី FC Barcelona ដែលជាអ្នកឈ្នះពាននេះនារដូវកាលមុននោះ តាមរយៈនាំមុខកំពូលតារាងដាច់ ១២ពិន្ទុ ធៀបនឹងអ្នកមានបុណ្យ៕