(បរទេស)៖ សម្រាប់អតិថិជន Apple ទាំងអស់ដែលមានបំណងអាប់ដេតទៅប្រើ iPhone 15 ចាប់ពីថ្ងៃទី២០ ខែឧសភា នេះតទៅ នឹងទទួលបានការបង្កើនតម្លៃដោះដូរជាពិសេស។ ពោលគឺ Apple កំពុងផ្តល់ជូននូវតម្លៃខ្ពស់សម្រាប់ម៉ូដែល iPhone ចាស់ៗ ដើម្បីជំរុញអតិថិជនឱ្យធ្វើការប្តូរពី iPhone ចាស់របស់ពួកគេ ទៅ iPhone 15 ជំនាន់ថ្មី ហើយថែមប្រាក់ទៅតាមតម្លៃជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

របាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ការបង្កើនតម្លៃដូរ iPhone នេះ នឹងមានដំបូងគេនៅក្នុងសហរដ្ឋអាមេរិក និងកាណាដារហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ប៉ុន្តែក្នុងនោះលោក Gurman មិនបានគូសបញ្ជាក់នោះទេ ថាតើក្រុមហ៊ុន Apple នឹងផ្តល់ជូនអ្នកទិញ iPhone 15 នូវចំនួនដោះដូរបន្ថែមចំនួនប៉ុន្មានសម្រាប់ការប្តូរ iPhone ចាស់យក iPhone ថ្មី។

យោងតាមរបាយការណ៍ចេញផ្សាយ ឥឡូវនេះ Apple នឹងផ្តល់ជូនតម្លៃ iPhone ចាស់រហូតដល់ ៣៧០ដុល្លារ សម្រាប់ iPhone 14 ខណៈដែលអ្នកប្រើប្រាស់ iPhone 14 Pro Max នឹងទទួលបានតម្លៃ ៦៣០ដុល្លារ។ ខាងក្រោមនេះ គឺជាតម្លៃ iPhone ម៉ូដែលចាស់ៗមួយចំនួន ដែល Apple បានបង្កើនការដោះដូរ ហើយក៏សង្ឃឹមថា នឹងមកដល់ប្រទេសកម្ពុជាយើងឆាប់ៗផងដែរ៖

1. ត្រកូល iPhone 14 ទទួលបានតម្លៃប្តូរ (ចាប់ពី ៣៧០ដុល្លារ ដល់ ៦៣០ដុល្លារ)
2. ត្រកូល iPhone 13 ទទួលបានតម្លៃប្តូរ (ចាប់ពី ២៧០ដុល្លារ ដល់ ៤៥០ដុល្លារ)
3. ត្រកូល iPhone 12 ទទួលបានតម្លៃប្តូរ (ចាប់ពី ១៧០ដុល្លារ ដល់ ៣៥០ដុល្លារ)
4. ត្រកូល iPhone 11 ទទួលបានតម្លៃប្តូរ (ចាប់ពី ២២០ដុល្លារ ដល់ ២៧០ដុល្លារ)
5. Apple iPhone SE (3rd gen) ទទួលបានតម្លៃប្តូរ (១៦០ដុល្លារ)
6. Apple iPhone SE (2nd gen) ទទួលបានតម្លៃប្តូរ (៨០ដុល្លារ)

គួរជម្រាបថា តម្លៃខាងលើនេះ សម្រាប់តែទីផ្សារអាមេរិកប៉ុណ្ណោះ ដោយឡែកសម្រាប់ទីផ្សារផ្សេងទៀតដូចជា កាណាដា Apple នៅមិនទាន់បង្ហាញនៅឡើយនោះទេ។ ដោយឡែកប្រសិនបើ Apple ធ្វើដូច្នេះ សម្រាប់ប្រទេសកម្ពុជាយើងវិញ តម្លៃអាចនឹងប្រែប្រួលខ្លាំងអាស្រ័យទៅតាមអត្រាប្តូរប្រាក់៕