(បរទេស)៖ ក្រុមហ៊ុនជប៉ុន Honda Motor នាពេលថ្មីៗនេះ បានប្រកាសបង្កើនការវិនិយោគទ្វេដងផ្នែករថយន្តអគ្គិសនី និងសូហ្វវែ គិតជាទឹកប្រាក់ប្រហែល ៦៥ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ពោលគឺនឹងដំណើរការរហូតដល់ឆ្នាំ២០៣០។ គម្រោងវិនិយោគនេះ នឹងបង្កើតស្រឡាយម៉ូដែលរថយន្តអគ្គិសនីថ្មីៗ ដើម្បីពង្រឹងគោលជំហររបស់ Honda នៅក្នុងទីផ្សាររថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន គ្រោងនឹងចំណាយប្រាក់សរុបចំនួន ១០ពាន់ពាន់លានយ៉េន (៦៤.៨៨ពាន់លានដុល្លារ) លើវិស័យរថយន្តអគ្គិសនី និងសូហ្វវែរ ដោយបង្កើនចំនួនទ្វេដង ដែលខ្លួនបានសន្យាកាលពីខែមេសា ឆ្នាំ ២០២២។

ក្រុមហ៊ុន Honda ត្រូវបានគេមើលឃើញថា មានគោលដៅដណ្តើមចំណែកទីផ្សាររបស់ខ្លួនមកវិញ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងមានទីផ្សារខ្លាំងដូចជា Tesla និង BYD។ សម្រាប់គម្រោងក្នុងការពង្រីកផលិតផលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda ត្រូវបានគេដឹងថា រួមមានម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួន ៧ស៊េរីនៅទូទាំងពិភពលោក ដោយចាប់ពីរថយន្តខ្នាតតូចរហូតដល់រថយន្តខ្នាតធំ។

លោក Mibe បាននិយាយថា ម៉ូឌែលនៃស៊េរីរថយន្តអគ្គិសនីរបស់ Honda នឹងចាប់ផ្តើមចេញលក់ចាប់ពីឆ្នាំ២០២៦ នឹងមានចម្ងាយបើកបរ ៣០០ម៉ាយ (៤៨២ឡូម៉ែត្រ) ឬច្រើនជាងនេះ ដោយសន្យាថា រថយន្តរបស់ខ្លួននឹងបំពាក់មកជាមួយនឹងកញ្ចប់ថ្មស្តើងបំផុត ហើយទើបនឹងបង្កើតថ្មី៕