(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជួបបដិសណ្ឋារកិច្ច និងសម្ដែងការគួរសមជាមួយTomasz Peroba អនុប្រធានគណៈកម្មាធិការជាតិប៉ូឡូញ និងជាសមាជិកសភាប៉ូឡូញ ដើម្បីផ្ដើមភ្ជាប់នូវទំនាក់ទំនាងរវាងភាគីទាំងពីរ ក៏ដូចជាឈានទៅការចុះអនុស្សារណៈយោគយល់គ្នា(MOU) ដើម្បីជួយគ្នាក្នុងវិស័យកីឡា ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះកើតឡើង បន្ទាប់ពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ដើម្បីឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ បានស្វែងយល់ពីគ្នាទៅវិញទៅមក ពិសេសការភ្ជាប់ទំនាក់ទំនងចលនាអូឡាំពិកប្រទេសទាំងពីរ ។

បន្ទាប់ពីជំនួបលើកដំបូងនេះហើយ ភាគីទាំងពីរ នឹងមានជំនួបពិសេសមួយទៀត កំឡុងការប្រកួតកីឡាអូឡាំពិក-ប៉ារីស ឆ្នាំ២០២៤ នៅប្រទេសបាំរាំង នាចុងខែកក្កដាខាងមុខ រវាងថ្នាក់ដឹកនាំ NOCC និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ គឺដើម្បីពិភាក្សាស៊ីជម្រៅឈានដល់ការចុះ MOU ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធ និងជួយគ្នាទៅវិញទៅមកក្នុងវិស័យកីឡា និងចលនាអូឡាំពិក ។

មន្ដ្រីជាន់ខ្ពស់ NOCC បន្ដថា ប៉ូឡូញ គឺជាប្រទេសខ្លាំងមួយក្នុងប្រភេទកីឡាអូឡាំពិក បូករួមទាំងឧត្ដមភាពប្រកួតកម្រិតអឺរ៉ុប និងពិភពលោក ។ ដូច្នេះការភ្ជាប់នូវទំនាក់ទំនងល្អនេះ លោក វ៉ាត់ ចំរើន មានសុទិដ្ឋិនិយមខ្ពស់ថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្ដល់ផលប្រយោជន៍ល្អដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងកីឡាករ-កីឡាការិនីកម្ពុជា ហើយដំណើរទស្សនកិច្ចទៅវិញទៅមកពាក់ព័ន្ធការងារកីឡា ក៏នឹងអាចកើតឡើងផងដែរ។ នេះគឺជាឱកាសដ៏ល្អដើម្បីអភិវឌ្ឍកីឡាជាតិ និងចលនាកីឡាអូឡាំពិករបស់កម្ពុជាឈានទៅដល់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅអឺរ៉ុប។

ឆ្លៀតឱកាសនោះដែរ លោក Tomasz Peroba បានបង្ហាញភាពភ្ញាក់ផ្អើល និងមិននឹកស្មានដល់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកីឡាផងដែរ បន្ទាប់ពីលោកបានឈានជើងមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ ។ លោក Tomasz Peroba បច្ចុប្បន្នមានវ័យ ៥១ឆ្នាំ ហើយលោកក៏ជាអតីតកីឡាករអាជីពដ៏ឆ្នើមមួយរូបនៅប៉ូឡូញផងដែរ ៕