(ភ្នំពេញ)៖ ប្រតិភូក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) របស់ប្រទេសកម្ពុជា បានក្លាយជាប្រទេសលេចធ្លោជាងគេ រហូតត្រូវបានអង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM) ប្រសិទ្ធនាមជា Super Star ក្នុងចំណោម ១៤១ប្រទេស ដែលបានចូលរួមមហាសន្និបាតកម្រិតពិភពលោកនេះទៀតផង ។

នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ខ.ភ.ម បន្ទាប់ពីលោកបានដឹកនាំប្រតិភូត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ជាមួយជោគជ័យដ៏ត្រចះត្រចង់ បន្ទាប់ពីត្រូវបានសមាជិក CISM ទាំងអស់ បោះឆ្នោតគាំទ្រជាឯកច្ឆន្ទ កម្ពុជាក្លាយជាសមាជិកពេញសិទ្ធ និងជាសមាជិកទី១៤១ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី កាលពីចុងសប្ដាហ៍កន្លងទៅ ។

មន្ដ្រីជាន់ខ្ពស់កីឡាកងទ័ពកម្ពុជាខាងលើ បានបង្ហាញមោទនភាព ចំពោះភាពជោគជ័យនៃការចូលរួមលើកដំបូង ក្នុងមហាសន្និបាតិ CISM ដែលត្រូវបានបណ្ដាប្រទេសចូលរួមទាំងអស់ បានសាទរ និងភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីបានស្ដាប់នូវសុន្ទរកថារយៈពេលប្រមាណ ១០នាទី ដែលលោកបានបង្ហាញអំពីវឌ្ឍនភាពកម្ពុជា ពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ដែលបានរំដោះប្រទេសចេញពីសង្គម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ ។

លោក ខូវ ឆាយ បន្ដថា «នេះគឺជាមោទនភាព ហើយក៏ជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំផងដែរ ក្នុងនាមប្រធានប្រតិភូដឹកនាំក្រុមប្រឹក្សាកីឡា ខ.ភ.ម ដែលមានសមាជិក ៣នាក់ទៀត តំណាងប្រទេសកម្ពុជា ត្រូវបានអង្គមហាសន្និបាត ប្រសិទ្ធនាមជា Super Star ក្នុងមហាសន្និបាតលើកទី៧៩ នេះ ដោយគ្រប់គ្នា បាននិយាយ កោតស្ញប់ស្ញែង និងសរសើរប្រតិភូកម្ពុជា ទោះជាសមាជិកថ្មី ជាប្រទេសតូច តែយើងមានបេះដូងធំ យើងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងអស់ តាមរយៈការចូលរួមគ្រប់សកម្មភាពក្នុងកម្មវិធី ទើបអង្គមហាសន្និបាតចាត់ទុកជាប្រទេសលេចធ្លោ ហើយសាទរ និងទំនាក់ទំនងជាមួយប្រតិភូកម្ពុជាគ្រប់ប្រទេសទាំងអស់»

ជារួមបេសកកម្មលើកដំបូងនេះ បានផ្ដល់នូវអត្ថប្រយោជន៍ច្រើន សម្រាប់ប្រទេសកម្ពុជា ដែលមិនត្រឹមតែបង្ហាញភាពស្មើមុខស្មើមាត់លើឆាកអន្ដរជាតិនោះទេ ថែមទាំងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសសមាជិកទាំងអស់ ។ មិនតែប៉ុណ្ណោះ មានប្រទេសជាច្រើន ចង់មកទស្សនកិច្ច និងដំណើរកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសគឺចង់ស្គាល់ប្រាសាទអង្គរវត្តរបស់ខ្មែរតែម្ដង ។ ដូច្នេះលោកបានចាត់ទុកនេះគឺជាផលចំណេញ និងជាស្ពានឆ្ពោះទៅរកការទាក់ទាញវិស័យទេសចរណ៍ ក៏ដូចជាចូលរួមកសាង និងអភិវឌ្ឍវិស័យកីឡាជាតិកាន់តែរីកចម្រើននាថ្ងៃអនាគតផងដែរ ។ លោក ខូវ ឆាយ បន្ថែម ។

គួរដឹងថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ ដែលហៅកាត់ថា CISM គឺជាអង្គការកីឡាមួយ ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ១៤១ប្រទេស ក្រោយបង្កើតឡើងកាលពីឆ្នាំ១៩៤៨ ។ អង្គការកីឡានេះ បាននឹងកំពុងចូលរួមវិភាគទានដ៏ធំធេងចំពោះសុខដុមនីយកម្ម និងសន្ដិភាពពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិ ជូនកងកម្លាំងប្រដាប់អាវុធនៃបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព និងជាអង្គការមួយ ដែលមានប្រភេទកីឡាប្រកួតច្រើនវិញ្ញាសាជាងគេបង្អស់ក្នុងចំណោមអង្គការកីឡាអន្ដរជាតិធំៗនានាលើពិភពលោក ៕