(បរទេស)៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Luhut Pandjaitan បាននិយាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងពិចារណាលើការផ្តល់ជូនដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីជំនួបរវាងប្រធានាធិបតីលោក Joko Widodo និង Musk នៅថ្ងៃចន្ទនៅកោះបាលី ចូលរួមវេទិកាទឹកពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនេះ លោក Musk នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។ ខណៈដំណឹងនេះទទួលបានបន្ទាប់ពីលោក Luhut Panjaitan បា្រប់ទៅកាន់អ្នកសារព័ត៌មានថា «យើងបានលើកជាសំណើរ និងការផ្តល់ជូនទៅកាន់ Musk វានៅមិនទាន់ច្បាស់ទេក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅទីនេះ។ Musk កំពុងតែពិចារណា»

លោក Luhut បាននិយាយថា លោក Widodo ក៏បានស្នើឱ្យ Musk ពិចារណាលើការវិនិយោគនៅក្នុងមជ្ឈមណ្ឌល AI នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ និងសម្រាប់ក្រុមហ៊ុន SpaceX ដើម្បីសាងសង់កន្លែងបាញ់បង្ហោះ Starlink នៅកោះ Biak ក្នុងខេត្ត Papua ប្រទេសឥណ្ឌូនេស៊ីផងដែរ។ ដោយឡែក ជាដំណឹងល្អនៅថ្ងៃអាទិត្យកន្លងទៅនេះ Musk ទើបតែបើកដំណើរកាសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ SpaceX សម្រាប់វិស័យសុខាភិបាលក្នុងប្រទេសឥណ្ឌូនេស៊ី។

គួរជម្រាបថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានព្យាយាមអស់ជាច្រើនឆ្នាំមកហើយ ដើម្បីទាក់ទាញក្រុមហ៊ុន Tesla ឱ្យបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅទីនោះ ខណៈដែលរដ្ឋាភិបាលចង់អភិវឌ្ឍវិស័យ EV ដោយប្រើធនធាននីកែលដ៏សម្បូរបែបរបស់ខ្លួន៕