(រីយ៉ូឌឺជេណៃរ៉ូ)៖ ប្រេស៊ីល បានកោះហៅកីឡាករចំនួន ៣នាក់ទៀត ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូង CONMEBOL បានអនុញ្ញាតឱ្យក្រុមជម្រើសជាតិ បន្ថែមកីឡាករក្នុងក្រុមរបស់ពួកគេពី ២៣នាក់ រហូតដល់ ២៦នាក់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ខ្សែការពារក្លិប Juventus កីឡាករ Bremer, ខ្សែបម្រើក្លិប Atalanta កីឡាករ Ederson និងខ្សែប្រយុទ្ធក្លិប Porto កីឡាករ Pepe ត្រូវបានដាក់បន្ថែមចូលក្រុមជម្រើសជាតិ។ នេះបើតាមសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

គ្រូបង្វឹក Dorival Junior ដែលបានចូលទៅដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីលកាលពីខែមករា បន្ទាប់ពីដំណើរការលទ្ធផលមិនល្អ ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាមេរិកឡាទីន សម្រាប់ព្រឹត្តិការណ៍ 2026 World Cup ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Fernando Diniz នោះ បានកោះហៅអ្នកចាំទី Rafael របស់ក្លិប Sao Paulo ដើម្បីជំនួសកីឡាករ Ederson របស់ក្លិប Manchester City។

Ederson បានរងរបួសបាក់ឆ្អឹងតូច នៅរន្ធភ្នែករបស់លោក ក្នុងពេលប៉ះគ្នាជាមួយខ្សែការពារក្លិប Tottenham Hotspur កីឡាករ Cristian Romero អំឡុងពេលការប្រកួតក្រៅទឹកដីឈ្នះ ២-០ របស់ក្លិប City កាលពីសប្តាហ៍មុន។

​ក្រុមប្រេស៊ីល ដែលធ្លាប់ដណ្តើមបានពានរង្វាន់ជើងឯក Copa America ចំនួន ៩លើករួចមកហើយនោះ នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ទល់នឹងក្រុមកូស្តារីកា នៅថ្ងៃទី២៤ ខែមិថុនា ក្រោយមកនឹងជួបប៉ារ៉ាហ្គាយ ៤ថ្ងៃបន្ទាប់ និងជួបក្រុមកូឡុំប៊ី នៅថ្ងៃទី០២ ខែកក្កដា ខណៈព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា៕