(ប៊ែកឡាំង)៖ កីឡាករ Florian Wirtz របស់ក្លិប Bayer Leverkusen បានឈ្នះការបោះឆ្នោត ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់លីគ Bundesliga។ នេះបើយោងតាមការប្រកាសពីលីគកំពូលអាល្លឺម៉ង់នៅថ្ងៃចន្ទ បន្ទាប់ពីខ្សែបម្រើរូបនេះ បានជួយឱ្យក្លិបរបស់លោក ឈ្នះពានរង្វាន់លីគជាលើកដំបូង។

​យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា Leverkusen គឺជាក្លិបដំបូង ដែលប្រកួតមិនចាញ់ទាល់តែសោះ ក្នុង ១រដូវកាលលីគ Bundesliga ហើយក៏ជាក្លិបដែលប្រកួតមិនចាញ់សោះ ក្នុងការប្រកួតទាំងអស់ នារដូវកាលនេះផងដែរ ជាមួយនឹងការប្រកួត ៥១លើក។

ក្នុងដែរ កីឡាករ Wirtz រកបាន ១៨គ្រាប់ ក្នុង ៤៧ប្រកួត។

ទម្រង់លេងរបស់កីឡាករវ័យ ២១ឆ្នាំរូបនេះ បាននាំឱ្យរូបលោក ឈ្នះបានពានរង្វាន់កីឡាករឆ្នើមប្រចាំខែ ចំនួន ៣លើកក្នុងរដូវកាលនេះ។ លោកក៏ត្រូវបានកោះហៅចូលក្រុមបឋមរបស់ជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែរ។

គួរជម្រាបថា ពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃលីគ Bundesliga ត្រូវបានសម្រេចតាមរយៈការបោះឆ្នោត ពីអ្នកគាំទ្រ (៤០ភាគរយ), បណ្តាក្លិប (៣០ភាគរយ) និងមន្ត្រីជំនាញ (៣០ភាគរយ)៕