(ឡុងដ៍)៖ អ្នកចាត់ការ Roberto De Zerbi រំពឹងថា នឹងស្វែងរកការងារធ្វើនៅក្លិបដែលលេងនៅលីគកំពូលអង់គ្លេសសារជាថ្មីម្តងទៀត បន្ទាប់ពីការចាកចេញរបស់លោកពីក្លិប Brighton & Hove Albion។ នេះបើតាមសម្តីអ្នកចាត់ការសញ្ជាតិអ៊ីតាលីបានលើកឡើង បន្ទាប់ពីការប្រកួតចាញ់ ២-០ កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើង Manchester United។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

លោក De Zerbi បានចូលរួមជាមួយ Brighton កាលពីខែកញ្ញា ឆ្នាំ២០២២ ជំនួសតំណែងលោក Graham Potter។ បុរសវ័យ ៤៤ឆ្នាំរូបនេះបានដឹកនាំក្លិបបញ្ចប់នៅ Premier League ក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតរបស់ក្លិប (ចំណាត់ថ្នាក់ទី៦) និងបានជួយឱ្យក្លិបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួត European ជាលើកដំបូងទៀតផង។

លោក De Zerbi បានលើកឡើង ក្រោយបញ្ចប់ការប្រកួតលីគលើកចុងក្រោយរបស់ Brighton ក្នុងរដូវកាលនេះថា «មិនទាន់មានក្លិបណាមួយបានផ្តល់សំណើនោះទេ។ នៅពេលនេះមិនទាន់មានទេ»។ លោកបន្តថា «ខ្ញុំរំពឹងថា នឹងអាចធ្វើការក្នុង Premier League ម្តងទៀត។ ខ្ញុំមិនដឹងថាទីណា ឬពេលណានោះទេ។ ប៉ុន្តែវាគឺជាកិត្តិយសណាស់ ក្នុងការធ្វើការនៅទីនេះ»

សូមជម្រាបថា Brighton បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១១ ក្នុងតារាងលីគកំពូលអង់គ្លេសក្នុងរដូវកាលនេះ និងបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ នៃពាន Europa League៕