(ឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស បានកំពុងប្រឈមមុខទៅនឹងការសម្រេចចិត្តដ៏ធំមួយ ក្នុងការជ្រើសរើសកីឡាករ ២៦នាក់ ដើម្បីទៅលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់នាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បញ្ជីឈ្មោះកីឡាករតោកំណាចអង់គ្លេសសម្រាប់ Euro លើកទី១៧ នេះបានក្លាយជាប្រធានបទដ៏ក្តៅមួយ គិតចាប់តាំងពីពួកគេបានហាលអាវពី World Cup 2022 ក្រោមស្នាដៃរបស់បារាំងនៅប្រទេសកាតាមកត្រឹមវគ្គ ៨ក្រុម។

យ៉ាងណាក៏ដោយឆាប់ៗនេះដែរ លោក Southgate មានបំណងប្រកាសឈ្មោះកូនក្រុមរបស់លោក នៅត្រឹមរសៀលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដ្បិត UEFA បានទុកពេលរហូតដល់ថ្ងៃទី០៧ ខែមិថុនា សម្រាប់បណ្តាទាំង ២៤ក្រុមបញ្ជូនឈ្មោះកីឡាកររបស់ពួកគេមកលេងនៅ Euro 2024។

លោក Southgate បានថ្លែងថា «យើងកំពុងពិនិត្យមើលកីឡាករសំខាន់ៗ នៅមុនពេលប្រកាសជាផ្លូវការ និងកីឡាករដែលអាចចាប់ផ្តើមក្នុងជម្រើស ១១នាក់ដំបូង ដើម្បីលេងថ្ងៃបើកឆាកទល់នឹងជម្រើសជាតិស៊ែប៊ីផងដែរ»

ក្នុងការឡើងមកលេងជុំចុងក្រោយរបស់អង់គ្លេសនៅ Euro លើកទី១១ នេះដែរ ក្រុមរងជើងឯកកាលឆ្នាំ២០២០ មួយនេះ គឺបានស្ថិតក្នុងពូល C ជាមួយដាណឺម៉ាក ស៊ែប៊ី និងស្លូវេនី ដោយពុំទាន់ឈ្នះពាន ៤ឆ្នាំម្តងនេះនៅឡើយទេ៕