(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ មានអ្នកគាំទ្រវិស័យបាល់ទះកម្ពុជាជាច្រើន បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចំពោះការប្រកាសស្វាគមន៍កីឡាករអាជីពបារាំង ៣រូប មកកាន់ប្រទេសកម្ពុជា ពីសំណាក់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលត្រូវបានគេដឹងថា កីឡាករមកពីតំបន់អឺរ៉ុបនេះ នឹងត្រូវចូលរួមជាមួយក្លិបបាល់ទះវិសាខា។

បន្ទាប់ពីទម្លាយព័ត៌មានដ៏រសើបខាងលើ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានអញ្ជើញទៅទទួលស្វាគមន៍កីឡាករបារាំងទាំង ៣រូប នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គឺមានកីឡាករ Rrancois Rebeyrol មកក្លិប Nice Volley ball និងកីឡាករ Pierre Toledo មកពីក្លិប Chaumont VB52 លេងនៅក្របខណ្ឌ French Aleague ដូចគ្នា និងកីឡាករកូនកាត់បារាំង-អង់គ្លេស Thomas Gill មកពីក្លិប Ajaccio នៃក្របខណ្ឌ French Bleague។

ជុំវិញវត្តមានកីឡាករបាល់ទះអាជីពបារាំងទាំង ៣រូបនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា ដោយសារមានការស្នើពីក្លិបបាល់ទះវិសាខា ក្នុងការស្វែងរកកីឡាករបារាំងមកជួយក្រុមខ្លះ ទើបសហព័ន្ធកីឡាបាល់ទះកម្ពុជា តាមរយៈសហព័ន្ធកីឡាបាល់ទះបារាំង ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការគ្នាកាលពីថ្មីៗ បានទំនាក់ទំនង និងអញ្ជើញពួកគេមកចូលរួមជាមួយក្រុមវិសាខា ក្នុងគោលបំណងសំខាន់ចំនួនពីរ។

លោកបន្ដថា «ការមកដល់នៃកីឡាករអាជីពបារាំង គឺតាមរយៈសហព័ន្ធ បន្ទាប់ពីក្លិបបាល់ទះវិសាខា ស្នើឲ្យមានការទំនាក់ទំនង ដើម្បីចូលរួមជួយក្រុម សម្រាប់ត្រៀមចូលរួមប្រកួតពានអន្ដរជាតិ នៅតៃវ៉ាន់ Win+ Steak Volleyball Invitational។ មួយវិញទៀត យើងអញ្ជើញពួកគាត់មក ក៏ដើម្បីហាត់សម ក៏ដូចជាដកស្រង់បទពិសោធន៍ជាមួយអត្ដពលិកជម្រើសជាតិរបស់យើង ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ផងដែរ មានន័យថា យើងនឹងរៀបចំឲ្យមានការហ្វឹកហាត់ជាមួយគ្នា ដកបទពិសោធន៍ជាមួយគ្នាតែម្ដង»។

«នេះគឺជាទិដ្ឋភាពថ្មីមួយទៀត ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការជាមួយសហព័ន្ធកីឡាបាល់ទះបារាំង ក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាក់ស្ដែងពេលនេះ គឺជាការផ្លាស់ប្ដូរវាងកីឡាករ និងកីឡាករ ហើយជំហានបន្ដបន្ទាប់ទៀត អាចជាការផ្លាស់ប្ដូររវាងគ្រូបង្វឹក ឬមន្ដ្រីបច្ចេកទេសជាដើម។ ដូច្នេះខ្ញុំគិតថា កីឡាករអាជីពទាំង ៣រូប របស់បារាំងនេះ គាត់នឹងអាចចែករំលែកបទពិសោធន៍ល្អៗទៅដល់អត្តពលិកកម្ពុជា ពិសេសក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខ»។

ទន្ទឹមជាមួយការអញ្ជើញកីឡាករបារាំង មកចូលរួមជាមួយក្រុមបាល់ទះវិសាខា ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្រុមជម្រើសជាតិកម្ពុជានេះដែរ សហព័ន្ធក៏មានរៀបចំការប្រកួតមិត្តភាពអន្ដរជាតិដ៏ធំមួយ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានបេក្ខភាព ៤ក្រុមចូលរួម និងមាន ២ប្រកួត ក្នុងនោះប្រកួតទី១ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា ត្រូវជួបក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងប្រកួតទី២ ក្រុមវិសាខា ត្រូវជួបក្រុម Lavie Long An មកពីវៀតណាម។

បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពនេះ ក្រុមបាល់ទះវិសាខា របស់កម្ពុជា នឹងត្រូវហោះទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ដែលមានក្លិបបាល់ទះ Win Streak កីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីព ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ ពាននេះមានបេក្ខភាព ៨ក្រុមចូលរួម ដូចជាក្រុមវិសាខា (កម្ពុជា), Flying Falcon (ម៉ាឡេស៊ី), Nature Med Club (ម៉ុងហ្គោលី), Saitama Azalea (ជប៉ុន), Australian Volleyball Academy (អូស្រ្តាលី), Thành Phố Hồ Chí Minh (វៀតណាម) និងក្រុមម្ចាស់ផ្ទះតៃវ៉ាន់ ២ក្រុម គឺក្រុម Win Streak និងក្រុម Long my Construction៕