(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំកម្មវិធី «អ្នកស្នងមរតក» ដែលបានកំណត់ប្រារព្ធឡើង នាថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC) ។

កម្មវិធី «អ្នកស្នងមរតក» ផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនីប្រមាណ ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។

ម្យ៉ាងទៀត ក៏ជាមធ្យោបាយមួយ ជំរុញឱ្យសិល្បករ សិល្បការិនីទាំងអស់ មានសាមគ្គីភាពគ្នាល្អ ហើយរួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។

នៅក្នុងកិច្ចប្រជុំលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើការណែនាំដល់គណៈកម្មការ ដែលបានបែងចែកភារកិច្ចជូនរួចរាល់ ត្រូវទទួលខុសត្រូវនិងយកចិត្តទុកដាក់ទៅលើភារកិច្ចនីមួយៗ ជាពិសេសត្រូវសហការគ្នាធ្វើយ៉ាងណា រៀបចំឲ្យកម្មវិធី «អ្នកស្នងមរតក» ដែលប្រព្រឹត្តិទៅនាថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ បានទៅដោយរលូន ហើយក៏ជាការលើកនូវមុខមាត់សមាគមសិល្បករខ្មែរ ក៏ដូចជាការផ្ដល់នូវមុខមាត់កិត្តិយស ដល់សិល្បករ-សិល្បការិនីរៀមច្បង និងសិល្បករ-សិល្បការិនី ដែលបានចូលរួមនាឱកាសនោះ។

ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានពិនិត្យមើលទៅលើការងារ របស់គណៈកម្មការដែលបានបែងចែកជូននាពេលកន្លងមក អំពីវឌ្ឍភាពការងារ និងបញ្ហាប្រឈមនានាដែលកើតមាន ដើម្បីស្វែងរកដំណោះស្រាយឲ្យទាន់សភាពការណ៍ ជាពិសេសការរៀបចំកម្មវិធី «អ្នកស្នងមរតក» ​ដែលកាន់តែខិតជិតចូលមកដល់ ដោយធ្វើយ៉ាងណាត្រូវទទួលខុសត្រូវតាមផ្នែកនីមួយៗ។

សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយលោកទាំងពីបានផ្ដល់កិត្តិយសយ៉ាងធំធេង ដល់សមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បកររៀមច្បងទាំងអស់ ក្នុងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះ៕