(ភ្នំពេញ)៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ត្រូវបានស្គាល់ថា «សែលកាត» ជាប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសលទ្ធផលហិរញ្ញវត្ថុដោយមានមោទកភាព គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់រយៈពេលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ត្រីមាសទី១ ឆ្នាំ ២០២៤ បានបង្ហាញពីប្រាក់ចំណេញកើនឡើងគួរឲ្យកត់សម្គាល់ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះ ក៏បានបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ និងភាពជោគជ័យនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។

របាយការណ៍សង្ខេបសំខាន់ៗ នៃប្រតិបត្តិការហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ ២០២៤ នេះរួមមាន ប្រាក់ចំណេញក្រោយបង់ពន្ធ កើនឡើងចំនួន ២៥ ប៊ីលានរៀល ស្មើនឹង ៦៦% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ ២០២៣។ ដូចគ្នានេះដែរ ក្រុមហ៊ុន សែលកាត បានបញ្ចេញរបាយការណ៍នៃប្រាក់ចំណូលកើនឡើងសរុប ចំនួន ៣២ ប៊ីលានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ១២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ការជំរុញកំណែទម្រង់វិស័យឌីជីថលនៅកម្ពុជា

ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន សែលកាត បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រួមទាំងវេទិការាជរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៤ (Digital Government Forum 2024) ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកជំនាញ ជួបពិភាក្សាអំពីបរិបទថ្មីនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការបង្កើនកំណែទម្រង់វិស័យឌីជីថល។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ព្រឹត្តិការណ៍នេះ បានផ្តោតលើសហគ្រាសធុនតូច និងមធ្យមភាគច្រើន និងជាវេទិកាដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនសែលកាត ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការបង្កើតថ្មី និងវឌ្ឍនភាពបច្ចេកវិទ្យា។

ការជំរុញការពង្រីកបណ្តាញ និងនវានុវត្តន៍

ថ្មីៗនេះក្រុមហ៊ុន សែលកាត បានកំពុងកែលម្អ និងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត ដើម្បីផ្តល់សេវាគ្របដណ្តប់ ឲ្យបានកាន់តែទូលាយ ផ្តល់អ៊ីនធឺណិតឲ្យកាន់តែមានល្បឿនលឿន និងសេវាល្អជូនអតិថិជន។ ដូច្នេះក្រុមហ៊ុនបានពង្រីកបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័តបន្ថែម ចំនួន១០ខេត្ត និងដាក់ពង្រាយពង្រីកបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត ដោយប្រើឧបករណ៍ IBS និង Microcells។ អតិថិជនសែលកាត នឹងអាចរីករាយដោយមានបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត និងមានអ៊ីនធឺណិតល្បឿនលឿនគួរជាទីទុកចិត្តសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។

លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត បានថ្លែងថា ការទទួលបានពានរង្វាន់ពីក្រុមហ៊ុន OpenSignal បានបង្ហាញថា ការខិតខំប្រឹងប្រែងទាំងអស់របស់ក្រុមការងារ និងក្រុមដៃគូបណ្តាញរបស់យើង ត្រូវបានទទួលស្គាល់ថា យើងខ្ញុំកំពុងដើរលើផ្លូវត្រូវដែលយើងសមនឹងទទួលបាន។ យើងខ្ញុំពិតជារំភើបណាស់ ក្នុងការទទួលបានពានរង្វាន់ពីក្រុមហ៊ុន OpenSignal ផ្ទួនៗ ហើយយើងខ្ញុំ ទន្ទឹងរង់ចាំទទួលមតិស្ថាបនាវិជ្ជមានមួយចំនួន ពីអតិថិជនរបស់យើង។

ពង្រីកការផ្តល់ផលិតផល និងសេវាជូនអតិថិជន

បន្ថែមលើការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញសេវាទូរស័ព្ទចល័ត ទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន សែលកាត ក៏បានដាក់ឲ្យដំណើរការសេវាកម្មថ្មី ដោយជោគជ័យហៅថា Cellcard Home Wi-Fi ជូនអតិថិជន។ Cellcard Home Wi-Fi ផ្តល់សេវាដូចជា ការទាញយកមាតិកាក្នុងស្រុកមានល្បឿនលឿន (High-speed local content streaming) អ៊ីនធឺណិតខ្សែកាប្លិ៍អុបទិកមានល្បឿនលឿន និងមានអត្ថប្រយោជន៍បន្ថែមទៀត។

ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់ និងប័ណ្ណសរសើរជាង ៥០ និងជាក្រុមហ៊ុន ដែលនៅតែបន្តនាំមុខទីផ្សារទូរគមនាគមន៍កម្ពុជានេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន ដោយផ្តោតលើ គុណតម្លៃ ភាពបត់បែន គុណភាព ភាពជឿជាក់ សុវត្ថិភាព ឯកជនភាព និងមានការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនិន្នាការថ្មីរបស់អ្នកប្រើប្រាស់ ដោយមាននិតិវិធីល្អ ប្រកបដោយភាពច្នៃប្រឌិត។

សូមជម្រាបថា ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់ និងកេរ្តិ៍ឈ្មោះល្បី មានការច្នៃប្រឌិតខ្ពស់នៅក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ហើយមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយលក់ច្រើន៕