(ប៊ុយនុសអ៊ែរ)៖ អាហ្សង់ទីនបានកោះហៅក្រុមជម្រើសជាតិ មានកីឡាករ ២៩នាក់​ ដឹកនាំដោយខ្សែប្រយុទ្ធ Lionel Messi សម្រាប់ការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ មុនព្រឹត្តិការណ៍ Copa America មកដល់ ប៉ុន្តែមិនមានវត្តមានខ្សែប្រយុទ្ធ Paulo Dybala ដែលកំពុងតែមានរបួសនោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

អាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពទល់នឹងអេក្វាឌ័រ នៅថ្ងៃទី០៩ ខែមិថុនា នាកីឡដ្ឋាន Soldier Field ស្ថិតក្នុងទីក្រុង Chicago រដ្ឋ Illinois និង ៥ថ្ងៃបន្ទាប់ ត្រូវប្រកួតទល់នឹងក្រុមហ្គាតេម៉ាឡា នៅកីឡដ្ឋាន Commanders Field ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិក។

គ្រូបង្គោលអាហ្សង់ទីន Lionel Scaloni នឹងកាត់កីឡាករ ៣នាក់ ចេញពីបញ្ជីដើម្បីស្របតាមការកំណត់កីឡាករ ២៦នាក់ ដែលអនុញ្ញាតដោយសហព័ន្ធ CONMEBOL សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ Copa America ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនាខាងមុខ។

បន្ថែមពីលើកីឡាករ Messi, Angel Di Maria, Nicolas Otamendi និងកីឡាករផ្សេងទៀត ដែលបានឈ្នះពានរង្វាន់ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតានោះ លោក Scaloni បានកោះហៅកីឡាករវ័យក្មេង Leonardo Balerdi, Valentin Barco, Alejandro Garnacho និងកីឡាករ Valentin Carboni ចូលក្នុងក្រុមផងដែរ។

សូមជម្រាបថា អាហ្សង់ទីន នឹងចាប់ផ្តើមយុទ្ធនាការ Copa America របស់ពួកគេទល់នឹងកាណាដា នៅថ្ងៃទី២០ ខែមិថុនា មុនជួបឈីលី ៥ថ្ងៃបន្ទាប់ និងជួបបេរ៉ូ នៅថ្ងៃទី២៩ ខែមិថុនា ខណៈព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលដំណើរការរហូតដល់ថ្ងៃទី១៤ ខែកក្កដា៕