(បរទេស)៖ ក្រុមហ៊ុន Samsung Electronics នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានប្រកាសរៀបចំនិងតែងតាំងប្រធានថ្មី សម្រាប់អាជីវកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) របស់ខ្លួន ខណៈដែលក្រុមហ៊ុននេះ ព្យាយាមប្រណាំងប្រជែងកាន់តែខ្លាំងឡើងលើវិស័យបន្ទះឈីប AI ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

លោក Young Hyun Jun នឹងជំនួស លោក Kyehyun Kyung ដែលឥឡូវនេះ នឹងដឹកនាំផ្នែកអាជីវកម្ម នាពេលអនាគត ហើយផ្តោតលើការស្វែងរកឱកាសរីកចម្រើនថ្មីៗ ក៏ដូចជា Samsung Advanced Institute of Technology ។ ក្រុមហ៊ុន Samsung មានគោលបំណង ពង្រឹងការប្រកួតប្រជែងរបស់ខ្លួន ចំពេលបរិយាកាសធុរកិច្ចសកលមិនច្បាស់លាស់ ដោយបន្ថែមថា លោក Jun មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដឹកនាំផ្នែកផលិតអង្គចងចាំ និងផលិតផលថ្មរបស់ក្រុមហ៊ុន។

គួរជម្រាបថា ក្រុមហ៊ុន Samsung ត្រូវគេមើលឃើញថា កំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ SK Hynix ដើម្បីផលិតបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់បំផុតនៅលើទីផ្សារ ស្របពេល រលក AI កើនឡើងខ្លាំង។ ទីផ្សារបន្ទះឈីបអង្គចងចាំបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Samsung, SK Hynix និង Micron ដែលជាអ្នកផ្គត់ផ្គង់កំពូលទាំងបីរបស់ពិភពលោក៕