(ម៉ាទ្រីដ)៖ កីឡាករសញ្ជាតិអាល្លឺម៉ង់ Toni Kroos វ័យ ៣៤ឆ្នាំ នឹងចូលនិវត្តន៍ បន្ទាប់ពីចប់ព្រឹត្តិការណ៍ European Championship ក្នុងឆ្នាំនេះ។ នេះបើតាមសម្តីកីឡាករលេងនៅក្លិប Real Madrid បានប្រកាសនៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

Kroos បានបន្ថែមថា ការប្រកួតរបស់ Real Madrid ក្នុងលីគ Champions League នៅខែក្រោយ ទល់នឹងក្លិប Borussia Dortmund នឹងជាការប្រកួតចុងក្រោយរបស់លោកសម្រាប់ក្លិបអេស្ប៉ាញ។

«អាជីពរបស់ខ្ញុំ ជាកីឡាករបាល់ទាត់អាជីព នឹងត្រូវបញ្ចប់នៅក្នុងរដូវក្តៅនេះ បន្ទាប់ពីព្រឹត្តិការណ៍ Euro 2024។ ដូចដែលខ្ញុំតែងតែនិយាយចឹង Real Madrid គឺជាក្លិបចុងក្រោយរបស់ខ្ញុំ»។ Kroos បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើ Instagram។

សូមជម្រាបថា Kroos បានបង្ហាញខ្លួន ៤៦៣ប្រកួតសម្រាប់ Real Madrid ចាប់តាំងពីចូលរួមក្នុងឆ្នាំ២០១៤ ហើយការចាកចេញរបស់លោក នឹងបន្សល់ទុកឱ្យរូបលោកជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលបានឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ ១២០ឆ្នាំរបស់ Real ក្នុងនោះលោកបានឈ្នះពានរង្វាន់ជាង២០ រួមទាំងពានរង្វាន់ European Cups ចំនួន ៤ផងដែរ។

​បន្ថែមលើពានរង្វាន់ដែលលោកដណ្តើមបានជាមួយ Real ខ្សែបម្រើរូបនេះបានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៤ ជាមួយអាល្លឺម៉ង់ និងពានរង្វាន់ Champions League ជាមួយក្លិប Bayern Munich ក្នុងឆ្នាំ២០១៣។

Kroos បានស្ថិតនៅឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់លោកជាមួយក្លិប Real ហើយកាលពីខែកុម្ភៈបានប្រកាសការវិលត្រឡប់របស់លោក ចូលក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ បន្ទាប់ពី ៣ឆ្នាំនៃការចូលនិវត្តន៍ពីជម្រើសជាតិ និងមុនពេលនៃការមកដល់ព្រឹត្តិការណ៍ European Championship នៅអំឡុងខែមិថុនា និងកក្កដាខាងមុខនៅលើទឹកដីកំណើតរបស់លោក៕