(ឡុងដ៏)៖ លោក Mauricio Pochettino បានសម្រេចចាកចេញពីក្លិបតោខៀវ Chelsea FC ក្រោយមានកិច្ចព្រមព្រៀងគ្នាមួយ បន្ទាប់ពីបានមកដឹកនាំក្រុមនេះ ១រដូវកាល, នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

បុរសវ័យ ៥២ឆ្នាំ Pochettino បានមកដឹកនាំក្រុម Chelsea កាលពីថ្ងៃទី០១ ខែកក្កដា ជាមួយការព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងជម្រើសលក្ខខណ្ឌបន្ថែម ១២ខែទៀត ដ្បិតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានដឹកនាំក្រុមបញ្ចប់នៅលេខរៀងទី៦ ក្នុងតារាងលីគរដូវកាលនេះ ។

រំលឹកផងផងថា ស្ថិតក្រោមការដឹកនាំរបស់លោក Pochettino ក្លិបបានលេងឈ្នះ ២៦លើកចំណោម ៥១ប្រកួត នឹងបានរងជើងឯកបាន Carabao Cup 2023-24 នឹងមានឱកាសលេងពានទី៣ អឺរ៉ុប UEFA Conference League រដូវកាលក្រោយផងដែរ ។

ឥឡូវនេះ Chelsea ក៏កំពុងស្វែងរកអ្នកស្នងតំណែងនេះ ខណៈបានបង្ហាញពីចំណាប់អារម្មណ៍នាពេលថ្មីៗនេះ ទៅលើអ្នកចាត់ការទូទៅរបស់ក្លិប Ipswich លោក Kieran McKenna ក៏ដូចជាលោក Ruben Amorim របស់ក្លិប Sporting និងលោក Vincent Kompany របស់ក្លិប Burnley ។

លោក Pochettino គឺជាអ្នកចាត់ការអចិន្ត្រៃយ៍ទី៦ របស់ក្លិប Chelsea ក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីការបណ្តេញលោក Thomas Tuchel និងលោក Graham Potter ផងដែរ៕