(ដាប់លីន)៖ មិនត្រឹមតែចង់ឈ្នះជើងឯកពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ប៉ុណ្ណោះទេ Bayer Leverkusen ក៏ត្រូវការកែប្រែប្រវត្តិសាស្រ្តពីការប៉ះគ្នា ២លើកលេងមិនឈ្នះ Atalanta ផងដែរនៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍នេះដែរ (ម៉ោងនៅកម្ពុជា)។

ប្រវត្តិជួបគ្នា ២លើកក្នុងពាននេះនារដូវកាលឆ្នាំ២០២១-២០២២ គឺក្រុមរបស់អ៊ីតាលី Atalanta បានយកឈ្នះ Bayer Leverkusen របស់អាល្លឺម៉ង់ទាំង ២ជើងតែម្តង ពោលគឺក្នុងលទ្ធផល ១-០ និង ៣-២ មុនមកជួបគ្នាលើកទី៣ វគ្គផ្តាច់ព្រ័ត្រ UEL 2023-2024 នៅទឹកដីកណ្តាលនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Dublin ប្រទេសអៀរឡង់ នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

ព័ត៌មានក្រុមមកពីលីគ Serie A គឺ Atalanta នឹងគ្មានវត្តមានកីឡាករ Martin De Roon និង Emil Holm ដោយសារមានបញ្ហារបួស ដ្បិតមិត្តរួមក្រុម Rafael Toloi និង Sead Kolasinac ស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ នៅពេលបញ្ហារបួសពុំទាន់ជា ១០០%នោះ។

ចំណែកគូប្រជែង Bayer Leverkusen ដែលជាជើងឯក Bundesliga នារដូវកាលនេះវិញ រំពឹងមានវត្តមានកីឡាករឆ្នើមប្រចាំរដូវកាលនេះក្នុងលីគអាល្លឺម៉ង់ Florian Wirtz ក្រោយបានចូលលេងក្នុងវគ្គទី២ នៃការប្រកួតបិទរដូវកាលទល់នឹង Augsburg ស្របពេលកីឡាករផ្សេងទៀត ពុំមានបញ្ហារបួសអ្វីឡើយ។

ស្ថិតិប្រកួត Leverkusen បញ្ចប់ក្នុងតំណែងកំពូលតារាងចេញពីពូល H មុនមកទម្លាក់ Qarabag ដោយលទ្ធផល ៥-៤ ទាំង ២ជើងនៃវគ្គ ១៦ក្រុមចុងក្រោយ ហើយយកឈ្នះ West Ham United ៣-១ វគ្គ ៨ក្រុម និងលេងឈ្នះ Roma ៤-២ ដើម្បីឡើងមកប៉ះ Atalanta ដណ្តើមពាន UEL នៅរាត្រីថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា។

ដូចគ្នានោះដែរ Atalanta ក៏ជាក្រុមបញ្ចប់ក្នុងតំណែងកំពូលតារាងចេញពីពូល D ផងដែរនៃ Europa League និងបានទម្លាក់ Sporting Lisbon ៣-២ ទាំង ២ជើងវគ្គ ១៦ក្រុម ឈ្នះ ៣-១ លើ Liverpool និងចុងក្រោយទម្លាក់ Marseille របស់បារាំង ៤-១។

ក្រុមកំពូលតារាង Bundesliga របស់លោក Xabi Alonso ស៊ុតបាន ៦គ្រាប់ ក្នុងចំណោមលេង ៨ប្រកួតចុងក្រោយ គ្រាដែល Atalanta ស៊ុតបាន ៨គ្រាប់ ក្នុងចំណោម ៩ប្រកួតចុងក្រោយគ្រប់កម្មវិធី។

គួរបញ្ជាក់ផងថា Bayer Leverkusen បានកំពុងសាងកំណត់ត្រានៅអឺរ៉ុប UEFA តាមរយៈលេង ៥១ប្រកួតគ្រប់កម្មវិធីមិនចាញ់ឡើយ និងកំពុងតាមប្រម៉ាញ់ពាន ៣ក្នុង ១រដូវកាលនេះដែរ នៅពេល Atalanta ឈរនៅលេខ៦ ក្នុងតំបន់កៅអីលេងពានអឺរ៉ុបរដូវកាលក្រោយ ដ្បិតនៅសល់ ២ប្រកួត ដើម្បីលេងបិទរដូវនេះក្នុង Serie A ទៀតផង៕