(ស្វាយរៀង)៖ ការប្រកួតពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ ក្រោយធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៥ខែមកនេះ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ

នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយក្រុមដែលប្រកួតដណ្តើមពានរង្វាន់ មានទាំងផ្នែកបុរស និងនារីរួមមាន៖

- ផ្នែកនារី ក្រុមបាល់ទាត់ សសយក ស្រុកស្វាយទាប vs ក្រុមបាល់ទាត់ សសយក ស្រុករំដួល នាម៉ោង ២៖៣០នាទីរសៀល។

- ផ្នែកបុរស ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង vs ក្រុមបាល់ទាត់ សសយក ក្រុងបាវិត នាម៉ោង ៤៖៣០នាទីរសៀល។
ចំពោះស្វាយរៀងខាប់ ផ្នែកបុរស មានការប្រកួតចាប់ពីដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ សរុបចំនួន ៩៦ប្រកួត ដោយមាន៤០ក្រុមចូលរួមមកពីបណ្តាស្រុក-ក្រុងទាំង៨ ទូទាំងខេត្តស្វាយរៀង បែងចែក ៥ក្រុម ក្នុង១ពូល មានចំនួន ៨ពូល ប្រកួតយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅប្រកួតវគ្គខ្វែង ១៦ក្រុម វគ្គ ៨ក្រុម និង៤ក្រុម រហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ។

ចំពោះស្វាយរៀង ខាប់ ផ្នែកនារី មានការប្រកួតសរុបចំនួន ២០ប្រកួត ដោយមានក្រុមចូលរួម ៩ក្រុម បែងចែកជា ២ពូល ជ្រើសរើសចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គ ៤ក្រុមរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ថវិកា និងជយលាភីរង្វាន់ស្វាយរៀង ខាប់ ផ្នែកបុរសរួមមាន៖
- ម្ចាស់ជើងឯក ទទួលបានពាន ១គ្រឿង មេដាយ ២៨គ្រឿង និងថវិកា ២០លានរៀល
- ជើងឯករង ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ១០លានរៀល
- ជយលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ ២៨គ្រឿង និងថវិកា ៥លានរៀល
- ជយលាភីលេខ៤ ទទួលបានថវិកា ២,៥លានរៀល
- ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា ១លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា ១លានរៀល
- គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ ១គ្រឿង និងថវិកា ១លានរៀល
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស ១គ្រឿង និងថវិកា ១លានរៀល
- អ្នកចាំទីល្អជាងគេ ទទួលបានពាន ១គ្រឿង និងថវិកា ១លានរៀល។

ថវិកា និងជយលាភីរង្វាន់ ស្វាយរៀង ខាប់ ផ្នែកនារីរួមមាន៖
- ម្ចាស់ជើងឯក ទទួលបានពាន ១គ្រឿង មេដាយ ៣៣គ្រឿង និងថវិកា ៦លានរៀល
- ជើងឯករង ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ៤លានរៀល
- ជយលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ ២៨គ្រឿង និងថវិកា ២លានរៀល
- ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា ១លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា ១លានរៀល
- គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ ១គ្រឿង និងថវិកា ៨០ម៉ឺនរៀល
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស ១គ្រឿង និងថវិកា ៨ម៉ឺនរៀល
- អ្នកចាំទីល្អជាងគេ ទទួលបានពាន ១គ្រឿង និងថវិកា ៨ម៉ឺនរៀល ។

លើសពីនេះក្នុងពិធីបិទការប្រកួតនេះក៏មានកម្មវិធីសិល្បៈបុរាណ របាំគែន សម្តែងដោយក្រុមយុវជន សសយក ខេត្តស្វាយរៀង មកពីស្រុកស្វាយជ្រំ និងតារាចម្រៀងរ៉ែបម្ចាស់បទ «ក្រឡុកទីក្រុង» លោក Zedes ផងដែរ៕