(មេនឆេស្ទឺ)៖ កីឡាករ ២រូបរបស់ក្លិប Manchester City គឺ Kevin de Bruyne និង Jeremy Doku បានក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិបែលហ្សិក សម្រាប់ព្រឹត្តិការណ៍ Euro 2024 ប៉ុន្តែអ្នកចាំទី Thibaut Courtois របស់ក្លិប Real Madrid មិនត្រូវបានកោះហៅនោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

បញ្ជីឈ្មោះបឋមដែលមានកីឡាករ ២៥នាក់ គឺមានតារាបាល់ទាត់នៅលីគ Premier League ជាច្រើនរូបរួមមានកីឡាករ Leandro Trossard របស់ក្លិប Arsenal កីឡាករ Youri Tielemans របស់ក្លិប Aston Villa ខ្សែបម្រើ Amadou Onana របស់ក្លិប Everton កីឡាករ Wout Faes របស់ក្លិប Leicester និងកីឡាករ Timothy Castagne របស់ក្លិប Fulham។

ខ្សែការពារ Axel Witsel របស់ក្លិប Atletico Madrid វ័យ ៣៥ឆ្នាំ បានទទួលការកោះហៅឡើងវិញដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ ពីជម្រើសជាតិកាលពីឆ្នាំមុន។

ខ្សែប្រយុទ្ធ Romelu Lukaku ដែលជាកីឡាកររកគ្រាប់បាល់ជាប់កំណត់ត្រារបស់ជម្រើសជាតិបែលហ្សិកនោះ ក៏ស្ថិតក្នុងក្រុមសម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់ផងដែរ។

​បែលហ្សិក មានជម្រើសបន្ថែមកីឡាករម្នាក់ទៀត នៅមុនថ្ងៃបិទបញ្ចប់បញ្ជូនឈ្មោះកីឡាករនាថ្ងៃទី០៧ ខែមិថុនា របស់សហព័ន្ធ UEFA។

សូមជម្រាបថា បែលហ្សិកស្ថិតក្នុងពូល E ជាមួយរូម៉ានី, អ៊ុយក្រែន និងស្លូវ៉ាគី។ ពួកគេនឹងបើកការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 ដោយត្រូវប៉ះស្លូវ៉ាគី នៅទីក្រុង Frankfurt នាថ្ងៃទី១៧ ខែមិថុនា៕