(បរទេស)៖ បន្ទាប់ពីជួបព្យុះភ្លៀងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខា្នតយក្ស Apple កំពុងទាញយកប្រជាប្រិយភាពរបស់ខ្លូនត្រឡប់មកវិញហើយ ដោយក្នុងខែមេសាកន្លងទៅនេះ ចំនួនលក់ iPhone បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥២ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកើនឡើងនេះ កើតឡើងបន្ទាប់ពីដំណើរការខ្សោយកាលពីដើមឆ្នាំនេះនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារកម្រិតខ្ពស់ពីគូប្រជែងក្នុងស្រុកដូចជា Huawei។

យោងតាមទិន្នន័យពីរដ្ឋាភិបាលចិន CAICT បានឱ្យដឹងថា ការនាំចេញទូរស័ព្ទម៉ាកបរទេសនៅក្នុងប្រទេសចិន បានកើនឡើងប្រមាណ៥២ភាគរយ ក្នុងខែមេសា ដែលឈានដល់ចំនួននាំចេញសរុប ៣.៤៩៥លានគ្រឿងច្រើនជាង បើធៀបនឹងចំនួន ២.៣០១លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះភាគហ៊ុនរបស់ Apple ក៏បានកើនឡើង ២.៣ភាគផងដែរ។

ប្រភពពីទីភ្នាក់ងារ Reuters ដដែលបាននិយាយថា បើទោះជាទិន្នន័យនេះមិនបាននិយាយអំពីក្រុមហ៊ុន Apple យ៉ាងច្បាស់លាស់ក៏ដោយ ក៏ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតទូរស័ព្ទបរទេសដ៏លេចធ្លោនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។ នេះបង្ហាញថាការកើនឡើងនៃការនាំចេញម៉ាកបរទេសអាចត្រូវបានសន្មតថាជាដំណើរការរបស់ Apple។

យ៉ាងណាមិញ ចំនួននៃការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនកាលពីខែមីនាកន្លងទៅបានកើនឡើង ១២ភាគរយ ដែលជាលទ្ធផលគួរឱ្យកត់សម្គាល់បើធៀបទៅនឹងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុនយក្សនេះ បានរងការធ្លាក់ចុះនៃចំនួនលក់រហូតដល់ ៣៧ភាគរយឯណោះ។ ដោយឡែកការលក់នេះត្រូវបានគេរំពឹងថា អាចនឹងកើនឡើងបន្ថែមទៀតនៅក្នុងខែឧសភា នៅពេលដែលក្រុមហ៊ុន Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃដ៏ខ្លាំងក្លាមួយក្នុងខែនេះនៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លូននៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ (ប្រហែល ៣១៨ ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។

គួរជម្រាបថា កាលពីដើមខែនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏បានព្យាករណ៍ពីកំណើនការលក់ iPhone នៅក្នុងទីផ្សារមួយចំនួន រួមទាំងប្រទេសចិនផងដែរ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះ ៨.១ភាគរយ នៅក្នុងប្រាក់ចំណូលត្រីមាសទីពីរពីតំបន់ Greater China៕