(ឡុងដ៍)៖ Tottenham Hotspur បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធ Timo Werner ពីក្លិប RB Leipzig ១រដូវកាលទៀត បូកបន្ថែមជាមួយជម្រើសទិញដាច់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Werner ដែលធ្លាប់ជួយក្លិបអង់គ្លេស Chelsea ឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League កាលឆ្នាំ២០២១ នោះ ត្រូវបានតោខៀវបន្លាយកិច្ចសន្យាខ្ចីជើង ពោលគឺនឹងផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០២៤-២០២៥ ខាងមុខ ក្នុងការបន្តលេងនៅកីឡដ្ឋាន Tottenham ទៀត។

ជាមួយគ្នានោះដែរ ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះដែរ Tottenham ក៏មានជម្រើសទិញកីឡាករអាល្លឺម៉ង់ វ័យ ២៨ឆ្នាំរូបនេះដាច់ទៀតផងក្នុងតម្លៃ ១៥លានផោន និងធ្លាក់មកនៅ ៨.៥លានផោនផងដែរ ក្រោយពីចប់កិច្ចសន្យាខ្ចីជើង។

Werner បានចូលលេង ១៤ប្រកួតគ្រប់កម្មវិធីរបស់ Spurs ក្រោយផ្ទេរចេញជាលក្ខណៈខ្ចីជើងពីក្លិបអាល្លឺម៉ង់ RB Leipzig នាអំឡុងខែមករា ឆ្នាំ២០២៤ តាមរយៈស៊ុតបាន ២គ្រាប់ផងដែរ។

Spurs បានបញ្ចប់ក្នុងតំណែងលេខ៥ ក្នុងលីគ Premier League នារដូវកាលនេះ ដោយទទួលបានកៅអី១ ដើម្បីលេងពានអឺរ៉ុប UEFA Europa League នារដូវកាលក្រោយ គ្រាដែល Werner ធ្លាប់បង្ហាញភាពលេចធ្លោកាលលេង ២រដូវកាលជាមួយ Chelsea ដោយឈ្នះទាំងពាន Champions League, UEFA Super Cup និង FIFA Club World Cup ផងដែរ មុនផ្លាស់ទៅលេងឱ្យក្លិបចាស់ Leipzig របស់គេវិញនាឆ្នាំ២០២២៕