(ឡុងដ៍)៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុម Borussia Dortmund និង Real Madrid នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងមានការដាក់ពង្រាយកងសន្តិសុខយាមកាមដ៏តឹងរឹងបំផុត ក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការដាក់កងកម្លាំងមានដល់ជាង ២,៥០០នាក់ ដែលចាយលុយអស់ប្រមាណ ៥លានផោនផងនោះដោយសហព័ន្ធ FA របស់អង់គ្លេសនេះ គឺដើម្បីការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រ និងកីឡាករឯទៀតផងដែរ ជៀសវាងប្រវត្តិច្រំដែលកាលពីផ្តាច់ព្រ័ត្រ Euro 2020 ដែលបានបង្កហិង្សា ក្រោយម្ចាស់ផ្ទះអង់គ្លេសចាញ់អ៊ីតាលីកាលពី ៣ឆ្នាំមុន។

ការយាមកាមដ៏តឹងរឹងបំផុតនៅកីឡដ្ឋាន Wembley នេះដែរ ក៏ដើម្បីកាត់បន្ថយហានិភ័យ និងបញ្ហាច្រើនជាច្រើនផងដែរ ដែលបានកើតឡើងកាលផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងឆ្នាំ២០២៣ នៅទីក្រុង Istanbul ប្រទេសតួកគីដែរ។

ក្រុមប៉ូលីសបានបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងអ្នកគាំទ្រនៅក្រៅកីឡដ្ឋាន Stade de Frances កាលពី ២ឆ្នាំមុន ដ្បិតសហព័ន្ធ UEFA បានកត់ចំណាំថា ពុំមាននរណាម្នាក់បាត់បង់ដល់អាយុជីវិតក៏ដោយ។

គួរបញ្ជាក់ផងថា ផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប Champions League 2023-2024 រវាង Borurssia Dortmund របស់អាល្លឺម៉ង់ ទល់នឹង Real Madrid មកពីអេស្ប៉ាញ នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ គិតចាប់តាំងពី Dortmund បានចាញ់គូប្រជែង Bayern Munich ២-១ កាលឆ្នាំ២០១៣ កន្លងទៅ៕