(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ត្រូវបានគេរាយការណ៍មកថា ទំនងជាពន្យារពេលបន្ថែមទៀតសម្រាប់គម្រោងបង្កើតរោងចក្រតម្លៃ ៤ពាន់លានដុល្លារ នៅរដ្ឋ North Carolina ស្របពេលដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ ហាក់មិនទទួលបានការគាំទ្រពីសំណាក់អតិថិជននៅសហរដ្ឋអាមេរិច។

VinFast បានប្រកាសនៅឆ្នាំ ២០២២ ថាខ្លួននឹងបង្កើតរោងចក្រផលិតរថយន្ត EV និងអាគុយនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ បានរហូតដល់ ១៥០,០០០គ្រឿង ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការឧបត្ថម្ភធុនសម្រាប់រថយន្ត EV ពីសំណាក់របស់រដ្ឋបាលរបស់លោក Biden ដែលគាំទ្រដល់ការផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក។

យោងតាមប្រភពព័ត៌មានដែលជិតស្និទ្ធនឹងក្រុមហ៊ុនមួយនេះបានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុន VinFast គ្រោងបញ្ចប់ប្រតិបត្តិការសាងសង់រោងចក្រនៅពាក់កណ្ដាលឆ្នាំនេះ ប៉ុន្តែបែរជាត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៥ ហើយនៅមានបញ្ហាមួយទៀតដែលធ្ងន់ធ្ងរជាងនេះ ប៉ុន្តែវាមិនត្រូវបានបង្ហាញជាសាធារណៈឡើង ដោយសារតែវាអវិជ្ជមានខ្លាំងពេក។

កាលពីឆ្នាំមុន VinFast លក់រថយន្តបានតិចជាង ១០០០គ្រឿងនៅទីផ្សារអាមេរិកខាងជើង។

ពាក់ព័ន្ធនឹងព័ត៌មាននៃការពន្យារពេលសាងសង់រោងចក្រនេះ ត្រូវបានខាងក្រុមហ៊ុនឆ្លើយតបជាមួយសារព័ត៌មាន Reuters ថា ក្រុមហ៊ុនកំពុងពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាពនៃដំណើរការសាងសង់រោងចក្រនៅ North Carolina៕