(ម៉ាឌ្រីដ)៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស និងក្លិប Real Madrid គឺ Jude Bellingham ត្រូវបានបោះឆ្នោតជាប់ជាកីឡាករ លេងល្អប្រចាំលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

Bellingham មានវ័យទើបតែ ២០ឆ្នាំផងនោះ ស៊ុតបាន ១៩គ្រាប់ក្នុងលីគអេស្ប៉ាញ រួមចំណែកជួយអធិរាជស Real Madrid ដណ្តើមបានជើងឯក La Liga ជាមួយនឹងការនាំមុខកំពូលតារាងដាច់ ១០ពិន្ទុ ក្នុងរដូវកាលដំបូងរបស់លោក។

បន្ថែមលើនេះ កីឡាករដែលបានកើតនៅតំបន់ Stourbridge មួយនេះ ក៏រកបាន ៤គ្រាប់ផងដែរ ក្នុងការជួយ Real Madrid ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League ទល់នឹង Borussia Dortmund នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

ក្នុងការបោះឆ្នោត ដើម្បីជ្រើសរើសបេក្ខភាពឈ្នះពានឯកត្តជនប្រចាំឆ្នាំ២០២៣-២០២៤ នេះដែរ Bellingham បានយកឈ្នះមិត្តរួមក្រុម Vinicius Jr ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico Madrid, Artem Dovbyk របស់ Girona និង Robert Lewandowski របស់ FC Barcelona ថែមទៀតផង ពីការចូលរួមបោះឆ្នោតពីសំណាក់អ្នកគាំទ្រ ប្រធានក្រុម និងអ្នកជំនាញខាងកីឡាផងដែរ៕