(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដបានរៀបចំពិធីចែកសញ្ញាបត្រជូនដល់និស្សិតដែលបានប្រឡងបញ្ចប់ការសិក្សាលើថ្នាក់បរិញ្ញាបត្រ BA+CAT កម្មវិធីសិក្សា ACCA និងកម្មវិធីសិក្សា CAT សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថាពិតជាបានជួយកសាងធនធានមនុស្សយ៉ាងមានគុណភាព។

កម្មវិធីចែកសញ្ញាបត្រនេះត្រូវបានធ្វើឡើងជាពីរវេនក្នុងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលពេលព្រឹកធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងពេលរសៀល ក្រោមអធិបតីភាពលោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា រួមជាមួយការចូលរួមពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថានខេមអេដ អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា សាស្រ្តាចារ្យ និយោជក បុគ្គលិកវិទ្យាស្ថាន និស្សិត និងអាណាព្យាបាលផងដែរ។ និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី៩ លើមុខជំនាញគណនេយ្យនិងហិរញ្ញវត្ថុមានចំនួន៤២០នាក់ (ស្រីចំនួន២៨៦នាក់) កម្មវិធី ACCA មានចំនួន២៥នាក់ និងកម្មវិធី CAT មានចំនួន២៤នាក់។

នាឱកាសនោះ លោកបណ្ឌិត សាន វឌ្ឍនា បានលើកឡើងថា ការផ្ដល់ការអប់រំរបស់វិទ្យាស្ថានខេមអេដដល់សិស្ស និស្សិត គឺបានផ្ដល់នូវពន្លឺមួយក្នុងជីវិតរបស់ពួកគេ ដើម្បីឱ្យពួកគេក្លាយជាធនធាននៅក្នុងសង្គមមួយ ដែលប្រកបដោយពុទ្ធិ និងវិបុលភាព។
លោកបានកោតសរសើរទៅលើកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានខេមអេដ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុ ស្របតាមចក្ខុវិស័យនិងបេសកម្មផ្ទាល់របស់វិទ្យាស្ថាន។ ជាលទ្ធផល ក្នុងថ្ងៃនេះកម្ពុជាទទួលបានធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌លើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ដែលអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែង និស្សិតជាច្រើននៃវិទ្យាស្ថានបានទទួលការងាររួចហើយ ក្នុងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក ក៏ដូចជានៅក្នុងស្ថាប័នរដ្ឋ។

លោករដ្ឋលេខាធិការជឿជាក់យ៉ាងមុតមាំថា និស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ ពិតជាទទួលបានចំណេះដឹងនិងវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍ជាក់ស្ដែង ដែលញ៉ាំងឲ្យពួកគេមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ។ លោកក៏សង្ឃឹមដែរថា វិទ្យាស្ថានខេមអេដនឹងក្លាយទៅជាវិទ្យាស្ថានលេចថ្លោមួយផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា ហើយដែលមានគុណភាពការអប់រំខ្ពស់។

លោករដ្ឋលេខាធិការក៏បានជំរុញលើកទឹកចិត្តសិស្ស និស្សិតឱ្យខិតខំសិក្សា និងអភិវឌ្ឍខ្លួនបន្តទៀត ព្រមទាំងធ្វើជាពលរដ្ឋដែលមានមនសិការ ពលរដ្ឋដែលប្រកបដោយគតិបណ្ឌិត មានការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយនៅពេលប្រកបកិច្ចការងារ មានចរិយាធម៌ក្នុងការប្រតិបត្តិវិជ្ជាជីវៈ មានឧត្តមគតិក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហាដែលជាប់ជាប្រចាំត្រូវតម្កល់នូវតម្លៃច្បាប់ យុត្តិធម៌សង្គម និងភាពជាមនុស្សនៅក្នុងខ្លួន ពលរដ្ឋកម្ពុជាដែលមានអត្តសញ្ញាណ ជាពលរដ្ឋពេញលេញដែលមានចំណេះដឹង ជាពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហើយជាពលរដ្ឋសកលដែលបើកបេះដូងទូលាយដល់ពិភពលោកទាំងមូលផងដែរ។

លោកបណ្ឌិត ងី តាយី បានឱ្យដឹងថា បច្ចុប្បន្នភាពនេះ វិទ្យាស្ថានខេមអេដមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុនៅកម្ពុជា ដោយវិទ្យាស្ថានបានបង្កើតនូវធនធានមនុស្សដ៏ច្រើន ដូចជា សវនករជាច្រើននៅក្នុងក្រុមហ៊ុន ទាំងក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនគណនេយ្យ នាយកប្រតិបត្តិនៅក្នុងវិស័យធនាគារ ដូចជាផ្នែកហិរញ្ញវត្ថុ ផ្នែកនាយកប្រតិបត្តិ ឬគ្រប់គ្រងហិរញ្ញវត្ថុ និងមន្រ្តីរាជការលើកិច្ចការបច្ចេកទេស និងជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មជាដើម។

លោកក៏លើកសរសើរដល់វិទ្យាស្ថានខេមអេដ ក្រុមប្រឹក្សាភិបាល សាស្រ្តាចារ្យ និងបុគ្គលិកគាំទ្រទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ដែលការចូលរួមទាំងអស់នេះ ក៏ជាចំណែកមួយនៃភាពជោគជ័យរបស់និស្សិតនៅថ្ងៃនេះផងដែរ ជាពិសេសវិទ្យាស្ថានក៏ទទួលបាននូវការទទួលស្គាល់លើគុណភាពអប់រំទាំងក្នុងស្រុក និងជាអន្តរជាតិដូចជា៖ ក្រុមប្រឹក្សាទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ACBSP នៃសហរដ្ឋអាមេរិក គុណភាពអប់រំកម្រិត Platinum ពីស្ថាប័នអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA នៅចក្រភពអង់គ្លេស QS Stars Rating System នៅចក្រភពអង់គ្លេសក្នុងកម្រិតផ្កាយប្រាំទៅលើគុណភាព បង្រៀនរបស់សាស្រ្តាចារ្យ ស្ថាប័នអន្តរជាតិ អ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក ការទទួលស្គាល់ពី ASEAN University Network-Quality Assurance (AUN-QA) និងការទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ជាដើម។

ជាមួយគ្នានោះ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងបង្ហាញភាពរីករាយដែលឃើញប្រទេសកម្ពុជាឥឡូវនេះមានអ្នកដឹកនាំដែលមានទេពកោសល្យ មានការយកចិត្តទុកដាក់ និងមានការគិតគូរ និងភាពក្លាហានក្នុងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយសេដ្ឋកិច្ចកម្ពុជាគឺបានពឹងផ្អែកលើអ្នកដែលជានិស្សិតបញ្ចប់ការសិក្សា។

លោកបន្តទៀតថា វិទ្យាស្ថានបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញរបស់អ្នក និងបានប្រមូលផ្តុំនូវសាស្រ្តាចារ្យ និងអ្នកជំនាញដែលមានទេពកោសល្យបំផុតមកពីជុំវិញពិភពលោក ដូចជាមកពីសហរដ្ឋអាមេរិក ឥណ្ឌា បង់ក្លាដែស ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរីជាដើម ហើយមិនត្រឹមតែសាស្រ្តាចារ្យទេដែលរីករាយនឹងគាំទ្រ និងមានមោទនភាពចំពោះអ្នកនៅថ្ងៃនេះ ដោយបានឃើញពីភាពរីកចម្រើន និងការអភិវឌ្ឍរបស់អ្នក ហើយក៏មានមោទនភាពចំពោះអ្នកដែលបានចូលបម្រើការងារយ៉ាងក្លាហាន និងព្រមប្រឈមមុខនៅបញ្ហាផ្សេងៗជាច្រើន។

ក្នុងនាមជាវិទ្យាស្ថាន ក៏ដូចជាសាស្រ្តាចារ្យ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់មានគោលបំណងដូចរូបលោកដែរ គឺដើម្បីជួយអ្នកក្នុងការអភិវឌ្ឍជំនាញ ទំនុកចិត្ត និងអាកប្បកិរិយា ដែលនឹងជួយអ្នកឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក។
លោកក៏បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់បន្តការសិក្សា និងការស្រាវជ្រាវបន្តបន្ទាប់ ជាពិសេសនៅក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនេះ ដែលយើងតែងតែមានស្តង់ដារគណនេយ្យថ្មី បទប្បញ្ញត្តិពន្ធថ្មី និងស្តង់ដាសវនកម្មថ្មីដែលត្រូវបានណែនាំ និងសិក្សាស្វែងយល់។

លោកនាយកវិទ្យាស្ថានបានរំលឹកនិស្សិតគ្រប់គ្នាថា ជំនាញសំខាន់បំផុត គុណភាពសំខាន់បំផុតដែលអ្នកនឹងមាននៅពេលអ្នកបន្តក្នុងជីវិត និងអាជីពរបស់អ្នក គឺជាជំនាញនៃក្រមសីលធម៌ ជាពិសេសសម្រាប់អ្នកជំនាញគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ។ គុណភាពជាមូលដ្ឋានសំខាន់បំផុត គឺជាកេរ្តិ៍ឈ្មោះ និងសីលធម៌របស់អ្នក ហើយនោះគឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់អ្នក និងភាពជោគជ័យរបស់អ្នក៕