(បរទេស)៖ របាយការណ៍ថ្មីពី TrendForce បានបង្ហាញថា Apple ទំនងជាមិនបញ្ចេញ iPhone អេក្រង់បត់ ឬ iPhone Fold មុនឆ្នាំ២០២៧ នោះទេ ដោយលើកហេតុផលទាក់ទងនឹង «តម្រូវការដ៏តឹងរឹង» សម្រាប់លក្ខណៈបច្ចេកទេស ដំណើរការ និងភាពជឿជាក់ ដែលជាកត្តាសំខាន់សម្រាប់បទពិសោធន៍នៃការបង្ហាញដោយគ្មានថ្នេរ និងភាពធន់នៃយន្តការបត់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

អ្នកវិភាគ TrendForce បានិយាយថា Apple នៅតែបន្ត «វាយតម្លៃលក្ខណៈពិសេស និងដំណើរការនៃសមាសភាគ» សម្រាប់ iPhone Fold ដំបូង ហើយនេះប្រហែលជានៅតែចំណាយពេលរង់ចាំបន្ថែមទៀត។ ត្រង់ចំណុចនេះ ប្រភពដដែលគូសបញ្ជាក់ថា Apple ចង់ឱ្យត្រកូលអេក្រង់បត់របស់ខ្លួនមានលក្ខណៈឥតខ្ចោះជាង និងប្រើធន់បានយូរជាង បើធៀបទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមហ៊ុន Samsung។

តាមរយៈការរកឃើញខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញថា LG នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់តែមួយគត់នៃបន្ទះអេក្រង់ដែលអាចបត់បាន ហើយត្រូវបានគេរំពឹងថា នឹងមិនមានស្នាមផ្នត់អេក្រង់ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមផ្សេងៗនោះទេ។ ចំពោះតម្លៃអេក្រង់រំពឹងទុកវិញ សម្រាប់ iPhone អេក្រង់បត់នឹងមានតម្លៃថ្លៃខ្លាំងចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារ ចំពោះកន្លាក់បត់ដែល Apple គ្រោងនឹងប្រើអាចមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ដុល្លារឯណោះ។

គួរជម្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗជាច្រើនក្នុងនោះរួមមាន Apple, Samsung និង Huawei រួមទាំងក្រុមហ៊ុនផ្សេងទៀត កំពុងតែបង្កើនល្បឿននៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងលើផ្នែកស្មាតហ្វូនអេក្រង់បត់ ហើយក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះរបាយការណ៍បានបង្ហាញថា Huawei ជាក្រុមហ៊ុនកំពូល និងឈរនៅតំណែងលេខ១ ទូទាំងពិភពលោក ជាក្រុមហ៊ុនលក់ដាច់បំផុត ខណៈដែល Samsung បានធ្លាក់មកលេខរៀងទី២ ជំនួសវិញ៕