(ភ្នំពេញ)៖ កីឡាករ ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះមួយនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសរុបជាង២០ប្រទេសចូលរួម។ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែកក្កដា ខាងមុខ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដដែលមានប្រសាសន៍ថា «ការសម្រេចបញ្ចូលជើងខ្លាំងគុនខ្មែរខាងលើ បន្ទាប់ពីទទួលបានការយល់ព្រមពីលោក អេ ភូថង ដែលជាគ្រូបង្វឹក»
លោកក៏បន្តទៀតថា «ការជ្រើសរើសបេក្ខភាព គឺផ្ដោតសំខាន់លើគុណភាពដែលអាចទប់ទល់គូប្រកួតបាន ហេតុដូចនេះ ធឿន ធារ៉ា ត្រូវបានសម្រេចបញ្ចូលក្នុងព្រឹត្តិការណ៍នេះ»។

មិនត្រឹមតែប៉ុណ្ណឹងទេ កីឡាករគុនខ្មែរមួយចំនួនទៀតក៏ត្រូវបានពិចារណាដែរ តែអ្វីដែលសំខាន់នោះ ក៏ត្រូវស្របតាមលក្ខខណ្ឌគុនចម្រុះ។ ដូច្នេះនឹងមានការបំពាក់បំប៉នបន្ថែមទៀត។

សូមជម្រាបផងថា កីឡាករ-កីឡាការិនីកម្ពុជា ១៦នាក់នឹងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះមួយនេះ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសរុបជាង ២០ប្រទេសចូលរួម។

ខណៈសំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ នឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃសុក្រ ទី០៧ ខែមិថុនា សប្ដាហ៍នេះតទៅហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ការដាក់លក់សំបុត្រមិនផ្ដោតលើប្រាក់ចំណេញនោះទេ ពោលគឺដើម្បីតែបង្គ្រប់លើការរៀបចំប៉ុណ្ណោះ។ ជាក់ស្ដែង សំបុត្រវីអាយភីមានតម្លៃ៦ម៉ឺនរៀល និងធម្មតាតម្លៃ២ម៉ឺនរៀល។ នេះជាគោលការណ៍សមាគមយុទ្ធគុនចម្រុះអាស៊ី ដើម្បីឱ្យអ្នកទស្សនាមានកន្លែងអង្គុយត្រឹមត្រូវ៕