(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Jack Grealish ត្រូវបានគេរំពឹងថា នឹងដកចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro 2024 ខណៈខ្សែការពារកណ្តាលនៃក្លិប Manchester United កីឡាករ Harry Maguire មិនត្រូវបានជ្រើសរើសនោះទេ ដោយសារបញ្ហារបួស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ពីសមាគមបាល់ទាត់អង់គ្លេស និងអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍ មុនពេលការប្រកួតមិត្តភាពចុងក្រោយ មុនព្រឹត្តិការណ៍ Euro 2024 ទល់នឹងអ៉ីស្លង់ នៅកីឡដ្ឋាន Wembley នាថ្ងៃសុក្រ។

យ៉ាងណាមិញ Maguire វ័យ ៣១ឆ្នាំ មិនទាន់ជាសះស្បើយនៅឡើយទេ ពីរបួសកំភួនជើង ដែលបានកើតឡើង កាលពីខែមេសា ដែលបានធ្វើឱ្យរូបលោក ត្រូវអវត្តមានពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup របស់ក្លិប United ដែលបានឈ្នះលើ City កាលពីខែមុន៕