(បរទេស)៖ ខណៈទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាងមុខ នៅពេលនេះមានរបាយការណ៍ថ្មីមួយអះអាងថា ក្រុមហ៊ុន Apple អាចនឹងធ្វើឲ្យគែម bezels របស់ iPhone 16 នេះកាន់តែស្តើងជាងមុនបន្ថែមទៀត ហើយបើដូច្នេះមែន វានឹងក្លាយជាទូរស័ព្ទដែលមានគែមអេក្រង់ស្តើងជាងគេបំផុតលើពិភលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Toms Guide។

ម្ចាស់គណនី Weibo ឈ្មោះ Setsuna Digital បានបង្ហោះសារថា ស្មាតហ្វូន iPhone 16 Pro Max ថ្មីនេះ អាចនឹងមានគែមស្តើងដល់ទៅ ១.១៥mm ខណៈពេលដែលស្មាតហ្វូន iPhone 16 Pro គឺមានកម្រាស់ស្តើងទៅលើគែម bezels ទំហំ ១.២០mm។ តែយ៉ាងណា សម្រាប់គណនីឈ្មោះ Setsuna Digital នេះ ត្រូវបានគេដឹងថា មិនមែនជាអ្នកទម្លាយដែលធ្លាប់អះអាងនាពេលកន្លងទៅទេ ប៉ុន្តែសម្រាប់ការបែកធ្លាយថ្មីនេះ បញ្ជាក់ថាក៏អាចនឹងក្លាយជាការពិតដែរ ដោយសារតែប្រភពចេញពី Ice Universe ធ្លាប់បានបញ្ជាក់ដូចគ្នាថា ស្មាតហ្វូន iPhone 16 Pro នឹងមានគែម bezels ស្តើងជាងស្មាតហ្វូន Galaxy S24 ហើយនេះគឺជាស្មាតហ្វូនដែលមានគែម bezels ស្តើងបំផុតរបស់ពិភពលោកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ខណៈដំណឹងច្បាស់ការយ៉ាងណានោះ មានតែរងចាំថ្ងៃប្រកាសចេញ iPhone 16 នាពេលខាងមុខប៉ុណ្ណោះ៕