(បរទេស)៖ ក្រុមហ៊ុន Meta មេធំរបស់ Facebook និង Instagram នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលរងនូវការប្តឹងតវ៉ាចំនួន១១ករណី ពីសំណាក់សហភាពអឺរ៉ុប ជុំវិញការប្រើ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត AI ដោយមិនបានសុំការអនុញ្ញាត ដែលទង្វើរនេះត្រូវចាត់ទុកថា ចាការបំពានច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមអ្នកតស៊ូមតិ ដែលហៅកាត់ថា NOYB បានជំរុញឱ្យអ្នកឃ្លាំមើលឯកជនភាពប្រចាំសហភាពអឺរ៉ុប ធ្វើសកម្មភាពភ្លាមៗ ដើម្បីបញ្ឈប់ការប្រើប្រាស់ទិន្នន័យបែបនេះ ដោយនិយាយថា នៅក្នុងការកែប្រែគោលការណ៍ឯកជនភាពរបស់ Meta ដែលចូលជាធរមាននៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះ អាចចូលប្រើប្រាស់រាល់ការបង្ហោះ ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា រូបភាពឯកជន ឬ ទិន្នន័យតាមអ៊ីនធឺណិត ដើម្បីបណ្តុះបណ្តាលគំរូបច្ចេកវិទ្យា AI របស់ខ្លួន។

NOYB បានដាក់ពាក្យបណ្តឹងជាច្រើនករណីមកហើយ ដើម្បីប្រឆាំងនឹងក្រុមហ៊ុន Meta និងក្រុមហ៊ុន Big Tech ផ្សេងទៀត ជុំវិញការរំលោភលើបទប្បញ្ញត្តិការពារទិន្នន័យឯកជនភាពទូទៅរបស់ EU ដែលហៅកាត់ថា GDPR ហើយអាចឈានដល់ការផាកពិន័យរហូតដល់ ៤% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទាំងនោះផងដែរ ប្រសិនបើរកឃើញថាបានបំពាន។

ជុំវិញដំណោះស្រាយយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុម NOYB បានស្នើឱ្យអាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសអូទ្រីស បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី អៀរឡង់ ហូឡង់ ន័រវេស ប៉ូឡូញ និងអេស្ប៉ាញ ចាប់ផ្តើមនីតិវិធីជាបន្ទាន់មួយ ដោយសារតែពេលវេលាដែល Facebook ផ្លាស់ប្តូរគោលការណ៍របស់ខ្លួនខិតជិតមកដល់៕