(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឧទាហរណ៍ ដោយប្រដូចកីឡាករខ្មែរបច្ចុប្បន្ន ប្រៀបបាន «តួរង» ខណៈកីឡាករបរទេសប្រៀបដូច «តួឯក» សម្រាប់ការបង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកមើលឃើញឱកាសបង្ហាញសមត្ថភាពរបស់កីឡាករខ្មែរបច្ចុប្បន្ន មានការថយចុះ ហើយតួនាទីសំខាន់ៗ ត្រូវបានក្ដោបក្ដាប់ដោយកីឡាករបរទេសថែមទៀត។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានគូសបញ្ជាក់ថា មានមនុស្សមួយចំនួន មើលឃើញលីគបាល់ទាត់កម្ពុជាបច្ចុប្បន្ន ប្រសើរជាងមុន ផ្ទុយពីលោកដែលយល់ឃើញថា លីគបាល់ទាត់កម្ពុជាកាលពី ៦-៧ឆ្នាំមុន មានភាពល្អប្រសើរជាង ព្រោះកីឡាករខ្មែរ មានឱកាសលេងច្រើនជាងបច្ចុប្បន្ន។

លោក Felix និយាយថា «បើតាមខ្ញុំយល់ ពេលដែលខ្ញុំមកកម្ពុជា ឆ្នាំ២០១៨-២០១៩ ខ្ញុំយល់ថា ពេលហ្នឹង លីគដូចជាប្រសើរជាង ដោយសារអ្វី? ពីមុនកីឡាកខ្មែរ គាត់មានឱកាសលេងច្រើន ប៉ុន្តែឥឡូវវិញ កីឡាករបរទេស ៤-៥នាក់លើទីលាន ដែលធ្វើឲ្យកីឡាករខ្មែរមានឱកាសលេង ត្រូវបានកាត់បន្ថយ។ កីឡាករខ្មែរដែលលេង ភាគច្រើនគាត់លេងតួនាទីដដែលៗទៀត នៅកន្លែងការពារស្លាបជាដើម ហើយកីឡាករបរទេស ភាគច្រើនគាត់លេង Role (តួនាទី) ជាអ្នករកគ្រាប់បាល់ជាដើម»។

លោកសង្កត់ធ្ងន់ថា «ពាក់ព័ន្ធកីឡាករខ្មែរយើង នៅក្នុងលីគ កីឡាករខ្មែរយើង ដូចជាតួរង ឯកីឡាករបរទេស គាត់ដូចតួឯកអ៊ីចឹង គាត់រកគ្រាប់បាល់ ឬអ្នកស៊ុតអ្នកជាដើម (នេះគ្រាន់តែខ្ញុំឧទាហរណ៍)។ អ៊ីចឹងហើយ នៅពេលដែលកីឡាករកម្ពុជា មានឱកាសលេងតិច បើយើងក្រឡេកមើលទៅជម្រើសជាតិយើងវិញយ៉ាងម៉េច? ដូចរាល់ថ្ងៃការចូលសញ្ជាតិ វាគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីមួយទេ ព្រោះអ្វីក្រុមជម្រើសជាតិត្រូវការលទ្ធផល»។

«ការចូលសញ្ជាតិ វាអាចជួយទម្រង់លេងក្រុម តែវាជាដំណោះស្រាយរយៈពេលខ្លី។ ដោយឡែកបើសិនជាយើងចង់មានដំណោះស្រាយរយៈពេលវែង យើងគួរតែមើលទៅមុខប៉ុន្មានឆ្នាំទៀត? យើងគួរមើលទៅលើឱកាសលេងរបស់កីឡាករខ្មែរយើង។ បើកីឡាករខ្មែរយើងមានឱកាសលេងច្រើន ដូចជា ចាន់ វឌ្ឍនាកា និង កែវ សុខផេង ជាដើម ដែលគាត់ជាកីឡាករខ្មែរលេចធ្លោ ហើយមានធនធានដូចពួកគាត់ច្រើន នោះនឹងអាចជួយជម្រើសជាតិយើងក្នុងរយៈពេលវែងបាន»។ លោក Felix បន្ថែម។

សូមបញ្ជាក់ថា ការលើកឡើងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាខាងលើ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមគោព្រៃកម្ពុជា និងក្រុមភ្ញៀវម៉ុងហ្គោលី នាវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕