(ភ្នំពេញ)៖ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានបរិច្ចាគថវិកាចំនួន ២៥,០០០ដុល្លារ រួមជាមួយនឹងអាហារចាំបាច់ ទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដើម្បីគាំទ្រមជ្ឈមណ្ឌលក្នុងការផ្តល់ការថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺកាន់តែច្រើន និងដើម្បីរួមចំណែកសាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តកណ្តាល។ ការបរិច្ចាគនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការខិតខំរួមចំណែកជួយដល់សង្គម និងការជម្រុញកិច្ចសហការឲ្យកាន់តែរឹងមាំរវាងជប៉ុន-កម្ពុជា តាមរយៈវិស័យថែទាំសុខភាពប្រកបដោយគុណភាព ខណៈក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កំពុងអបអរសាទរខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា។
ពិធីបរិច្ចាគនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទី នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ប្រធាន និងសមាជិកក្រុមប្រឹក្សារបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍, លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និងគណៈគ្រប់គ្រងជាន់ខ្ពស់មកពី ដាយ អ៊ិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។
មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន គឺជាមជ្ឈមណ្ឌលឯកទេសរបស់ប្រទេសជប៉ុន ដែលបានប្តេជ្ញាផ្តល់សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ។ នៅឆ្នាំ២០២៣ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺទាំងពេញវ័យ និងកុមារជាង៣ម៉ឺននាក់ រួមទាំងកុមារមានជំងឺមហារីកផងដែរ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន និងជាដៃគូគាំទ្រដំបូងរបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមបោះជំហានចូលមកប្រទេសកម្ពុជា។ កន្លងមក ដាយ អ៊ិឈិ ឡាយហ្វ៍ បានជួយបរិច្ចាគឧបករណ៍វះកាត់ និងថែទាំអ្នកជំងឺ គាំទ្រការបរិច្ចាគឈាម និងជំនួយសម្ភារៈសំខាន់ៗផ្សេងទៀត។
លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានមានប្រសាសន៍ថា «យើងអរគុណយ៉ាងក្រៃលែងចំពោះការបរិច្ចាគពី ដាយ អ៊ិឈិ ឡាយហ្វ៍។ ការរួមចំណែកនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តទៀតរបស់យើងក្នុងការ ផ្តល់ការថែទាំ ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកាន់តែច្រើនទៀត។ ជាមួយនឹងការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះសហគមន៍នៅកម្ពុជា កិច្ចសហការជាមួយក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តដូចជា ដាយ អ៊ិឈិ ឡាយហ្វ៍ ពិតជាសំខាន់ក្នុងការធានាអនាគត និងសុខមាលភាពកាន់តែប្រសើរសម្រាប់សហគមន៍»។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «លើសពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់អតិថិជន ដាយ អ៊ិឈិ ឡាយហ្វ៍ តែងតែគាំទ្រដល់សុខមាលភាពរបស់សហគមន៍។ ការបរិច្ចាគនេះមានបំណងជួយដល់អ្នកជំងឺកាន់តែច្រើន ជាពិសេសកុមារ ក្នុងការទទួលបានការថែទាំ និងព្យាបាលប្រកបដោយគុណភាពដែលពួកគាត់ត្រូវការ ដែលវាគឺជាផ្នែកដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរបស់យើង។ ខ្ញុំមានមោទនភាពចំពោះភាពជាដៃគូមួយនេះ ជាមួយ និងគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍»៕