(វ៉ារសាវ៉ា)៖ កីឡាករ Arkadiusz Milik មិនត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិប៉ូឡូញ នោះទេ សម្រាប់ការលេងនៅព្រឹត្តិការណ៍ Euro 2024 ដោយអ្នកចាត់ការ Michal Probierz បានប្រកាសនៅបញ្ជីឈ្មោះ បន្ទាប់ពីការប្រកួតឈ្នះ ៣-១ លើក្រុមជម្រើសជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រ ជាការប្រកួតដែលធ្វើឱ្យខ្សែប្រយុទ្ធក្លិប Juventus រូបនេះ មានបញ្ហារបួស។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។


Milik បានរងរបួសជង្គង់ ត្រឹមការលេងបានតែ ២នាទីប៉ុណ្ណោះ នៃការប្រកួត ហើយត្រូវបានប្តូរចេញ ខណៈអ្នកចាត់ការលោក Michal Probierz ក៏បានធ្វើការបញ្ជាក់បន្ទាប់ពីនោះថា ឱកាសរបស់រូបគេក្នុងព្រឹត្តិការណ៍ Euro មិនមាននោះទេ។

ដែលបញ្ហានេះ វាបានកើតឡើងជាថ្មីម្តងទៀត ដូចការប្រកួត Euro ពីលើកមុនដែល នៅពេលដែល Milik បានរងរបួស ក្នុងការប្រកួតលើកចុងក្រោយ នៃរដូវកាលឆ្នាំ២០២១ របស់ក្លិប Olympique de Marseille ហើយត្រូវបានដកចេញពីក្រុមជម្រើសជាតិប៉ូឡូញ។

ជាមួយគ្នានោះ កីឡាករ Kacper Urbanski ដែលបានប្តូរចូលជំនួស Milik ក្នុងការប្រកួតទល់នឹងអ៊ុយក្រែន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូង ក្នុងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។

បញ្ជាក់ផងថា ជម្រើសជាតិប៉ូឡូញ នៅមានការប្រកួតកម្តៅសាច់ដុំទល់នឹងក្រុមតួកគី ១លើកចុងក្រោយ មុននឹងចាប់ផ្តើមយុទ្ធនាការ Euro 2024 ដែលពួកគេនឹងត្រូវជួបក្រុមបារាំង, ហូឡង់ និងអូទ្រីស ក្នុងពូល D ៕

https://www.channelnewsasia.com/sport/injured-milik-out-polands-euro-2024-squad-4395926