(អាំស្ទើដាំ)៖ ខ្សែបម្រើក្លិប FC Barcelona គឺ Frenkie De Jong ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិទឹកក្រូចហូឡង់ នៅមុនការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 ចាប់ផ្តើមចុងសប្តាហ៍នេះ ដោយសារបញ្ហារបួសកជើងមិនជាសះស្បើយ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា លោក Ronald Koeman បានបង្ខំចិត្តដកឈ្មោះ De Jong ចេញពីជម្រើសជាតិហូឡង់វិញហើយ ដ្បិតបញ្ហារបួសមិនទាន់ធូរស្បើយនៅឡើយ។

នេះមានន័យថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងអវត្តមានពីការប្រកួតនៅ Euro 2024 នាប្រទេសអាល្លឺម៉ង់ទាំងស្រុង ក្នុងនាមធ្លាប់លេងឱ្យហូឡង់បាន ៥៤ប្រកួត និងបំប៉ោងសំណាញ់ទីបាន ២គ្រាប់ផងនោះ។ De Jong ទើបតែចូលលេងបាន ៣ប្រកួតប៉ុណ្ណោះក្នុងក្លិបអេស្ប៉ាញ Barcelona ក្រោយជួបបញ្ហារបួសកជើងជាទម្ងន់បែបនេះ។

ហូឡង់ នឹងចាប់ផ្តើមយុទ្ធនាការ Euro 2024 ដោយត្រូវប៉ះជម្រើសជាតិប៉ូឡូញនៅរាត្រីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ពីក្នុងពូល D មុនបន្តបន្ទាប់ត្រូវប៉ះមាន់គកបារាំង និងអូទ្រីសផងដែរ៕