(ម៉ាឌ្រីដ)៖ ក្លិបអេស្ប៉ាញ Real Madrid បានចេញសេចក្តីប្រកាសជាផ្លូវការថា ពួកគេយល់ព្រមក្នុងការចូលរួមប្រកួតពានរង្វាន់ FIFA Club Word Cup ទៅតាមការកំណត់ថ្មីរបស់ស្ថាប័ន FIFA នៅរដូវកាល2024-25 ក្នុងនាមជាម្ចាស់ជើងឯកពាន UEFA Champions League 2023-24 ខណៈមុនការសម្រេចនេះ គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Carlo Ancelotti បាននិយាយថាក្លិបនេះ «នឹងបដិសេធការអញ្ជើញ» លោក Carlo Ancelotti បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតអ៉ីតាលី Il Giornale ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទថា ដោយបានដកស្រងសម្តីថា «FIFA អាចភ្លេចថា កីឡាករនិងក្លិប នឹងមិនចូលរួមប្រកួតនោះទេ»

នៅក្នុងសេចក្តីប្រកាសរបស់ Real Madrid បានឱ្យដឹងថា «សូមប្រកាសថា នៅពេលនេះមិនមានសំណួរអ្វីណាមួយនោះទេ ដែលទាក់ទងនឹងការចូលរួមរបស់យើងនៅក្នុងការប្រកួត Club World Cup ថ្មី ដែលត្រូវបានរៀបចំដោយ FIFA ក្នុងរដូវកាល 2024-25 ខាងមុខទេ»

ក្លិបរបស់យើងនឹងចូលរួមតាមការគ្រោងទុក នៅក្នុងការប្រកួតផ្លូវការនេះ «យើងមានមោទនភាព និងមានការរំភើបរីករាយ ដែលបានចូលរួមនៅក្នុងការប្រកួតពានរង្វាន់នេះ យើងនឹងលើកទឹកចិត្តដល់អ្នកគាំទ្ររាប់លាននាក់របស់យើង ក្នុងការប្រកួតប្រជែងពានរង្វាន់នេះ»

បញ្ជាក់ផងថា ក្លិប Real Madrid មានលក្ខណៈគ្រប់គ្រាន់ហើយក្នុងចំណោមក្លិបនៅតំបន់អឺរ៉ុបទាំង ១២ក្រុម សម្រាប់ការចូលរួមការប្រកួតពានកម្រិត FIFA ដែលត្រូវបានសម្រេចបង្កើនឱ្យមានដល់ទៅ ៣២ ក្រុមធ្វើការប្រកួតប្រជែង ដោយគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ចន្លោះពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៥ ជាមួយនឹងការលេង ៦៣ប្រកួតសរុប ដោយមានរយៈពេល ៤ឆ្នាំម្តង៕