(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្ដជួបម៉ុងហ្គោលី នាវេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្នុងជំនួបមិត្តភាពអន្ដរជាតិជើងទី២ នៅកីឡដ្ឋាន MFF Football Centre ក្នុងទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី បន្ទាប់ពីជើងទី១ ក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ២-០ លើទឹកដីខ្លួនកាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ។ ចាំមើល តើកម្ពុជាអាចការពារជ័យជម្នះបានទេ ពីជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ?

មុនការប្រកួតមកដល់ លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានអរគុណម្ចាស់ផ្ទះម៉ុងហ្គោលី ដែលបានទទួលស្វាគមន៍យ៉ាងល្អ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា បានធ្វើដំណើរទៅភ្លាមៗ ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិ ជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ដូច្នេះកម្ពុជាមានពេលសម្រាកតិចតួចប៉ុណ្ណោះ ដើម្បីការរៀបចំក្រុមឡើងវិញត្រៀមតតាំងជាមួយក្រុមម្ចាស់ផ្ទះម៉ុងហ្គោលីល្ងាចនេះ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «កាលពីប្រកួតមុន ដោយសារមានភ្លៀងធ្លាក់នៅទីលាន ធ្វើឲ្យការប្រកួតមានការពិបាកបន្ដិច សម្រាប់ក្រុមទាំងពីរ តែប្រកួតស្អែកនេះ យើងត្រូវព្យាយាមសម្របជាមួយអាកាសធាតុត្រជាក់វិញ។ យើងនឹងបន្ដរៀបចំក្រុមឲ្យបានល្អជាងមុន ព្រោះម៉ុងហ្គោលី ជាក្រុមមួយដ៏ល្អ គេបានបង្កការលំបាកកាលលេងនៅទឹកដីរបស់យើង ហើយយើងជឿជាក់ថា ការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតមួយដែលតានតឹង»

សូមបញ្ជាក់ថា ការណាត់គ្នាប្រកួតមិត្តភាពអន្ដរជាតិ ២ជើង (ក្នុង និងក្រៅ) រវាងក្រុមទាំងពីរ គឺជាការត្រៀមលក្ខណៈចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ទើបបានរៀបចំពិធីចាប់ឆ្នោតបែងចែកគូប្រកួតវគ្គ Play-Off កាលពីថ្មីៗ ដោយក្រុមក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិស្រីលង្ការ ខណៈក្រុមម៉ុងហ្គោលី ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕