(មេនឆេស្ទើ)៖ លោក Erik ten Hag បានទន្ទឹងរង់ចាំអស់ ៣សប្តាហ៍មកហើយ ចំពោះចម្លើយពីក្លិប Manchester United ក្នុងការបន្តឱ្យលោកដឹកនាំទៀត ឬក៏យ៉ាងណា? នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

វាមានរយៈពេលជាង ២សប្តាហ៍មកហើយ ដែលបុរសសញ្ជាតិហូឡង់រូបនេះបានដឹកនាំ Man Utd ដណ្តើមបានជើងឯក FA Cup ក្រោយផ្តួលម្ចាស់ការពារតំណែងជើងឯក Manchester City នៅវគ្គផ្តាច់ព្រ័ត្រ និងអាចជា ១ប្រកួតចុងក្រោយរបស់លោកផងដែរ ដែលធ្វើការនៅ Old Trafford។

តាមរយៈជ័យជម្នះនេះដែរ ថ្នាក់ដឹកនាំ Man Utd នៅពុំទាន់ធ្វើការសម្រេចចិត្តណាមួយនោះទេ ចំពោះអនាគតរបស់លោក ក្នុងខណៈកំពុងទាក់ទងគ្រូបង្វឹកថ្មីផងដែរ ដែលពុំទាន់ត្រូវរ៉ូវគ្នានៅឡើយ។

កន្លងមក លោក Ten Hag ធ្លាប់ត្រូវបានគេសម្ភាសន៍នៅហូឡង់ ដោយលោកបានឆ្លើយតបថា ម្ចាស់គ្រប់គ្រងក្លិបថ្មី គឺក្រុមហ៊ុន Inoes នោះ មានគម្រោងកសាងក្លិបឡើងវិញជាមួយលោក ក៏ប៉ុន្តែគិតមកទល់ពេលនេះ វាហាក់ដូចជាសង្ឃឹមតិចតួចណាស់។

ធាតុពិតនៅពេលនេះ Man Utd បានកំពុងស្វែងរកគ្រូបង្វឹកថ្មី ក្រោយពេលបិទរដូវកាលឆ្នាំ២០២៣-២០២៤ ដោយបានទាក់ទងគ្រូបង្វឹកជាច្រើនផងដែរ៕