(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីក្រសួងដឹកជញ្ជូនរបស់ប្រទេសនេះ បានរកឃើញទិន្នន័យមិនពិតមួយចំនួនរបស់ក្រុមហ៊ុននេះ ដែលត្រូវបានប្រើដើម្បីបញ្ជាក់ពីម៉ូដែលរថយន្តមួយចំនួនរបស់ខ្លួន កាលពីមួយសប្តាហ៍មុន។ ប្រការនេះ ក៏ធ្វើឲ្យក្រុមហ៊ុនមួយនេះបាត់បង់តម្លៃលើទីផ្សាររហូតដល់ ១៥ពាន់លានដុល្លារផងដែរ។ នេះបើតាមករចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន Toyota បានធ្លាក់ចុះជាង ៥.៤% កាលពីសប្តាហ៍មុន បន្ទាប់ពីមានរឿងអាស្រូវបានផ្ទុះឡើង កាលពីថ្ងៃទី០៣ ខែមិថុនា។ ក្រុមហ៊ុនផលិតរថយន្តនេះ បានបាត់បង់ទឹកប្រាក់ ២.៤៥ពាន់ពាន់លានយ៉េនជប៉ុន (១៥.៦២ពាន់លានដុល្លារ) នៅក្នុងតម្លៃទីផ្សារ កាលពីសប្តាហ៍មុនពោលគឺត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

ក្រៅពីក្រុមហ៊ុន Toyota ងាកមកភាគហ៊ុនរបស់ Mazda ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ប្រទេសនេះ បានធ្លាក់ចុះ ៧.៧% ក្នុងរយៈពេលដូចគ្នា។ ការធ្លាក់ចុះនេះ ក្រោយមានការត្រួតពិនិត្យយ៉ាងតឹងរឹង ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងក្រសួងទេសចរណ៍ របស់ប្រទេសជប៉ុន ក៏បានរកឃើញភាពមិនប្រក្រតីនៃពាក្យស្នើសុំវិញ្ញាបនបត្រ ដោយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត Honda, Suzuki និង Yamaha ជាដើម។ ក្រុមហ៊ុនខាងលើនេះ បានបញ្ជូនទិន្នន័យនៃការធ្វើតេស្តសាកល្បងមិនពិត ដែលធ្វើឲ្យមានការប៉ះពាល់ដល់តម្លៃភាគហ៊ុននេះ។

ជុំវិញបញ្ហានេះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានសុំទោសដល់អតិថិជន និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ដោយបានទទួលស្គាល់ថា ម៉ូដែលចំនួនប្រាំពីររបស់ខ្លួន ត្រូវបាន សាកល្បងដោយប្រើវិធីសាស្រ្តដែលខុសពីស្តង់ដារ ដែលបានកំណត់ដោយអាជ្ញាធរជាតិ៕