(ភ្នំពេញ)៖ ក្នុងវ័យ២៥ឆ្នាំ កញ្ញា រ៉ា នូវិគជ់ម៉ា ជាយុវតីកម្ពុជា១រូប ដែលបានបញ្ចប់ការសិក្សាកម្រិតខ្ពស់ (Distinction) ចំនួន២ នៅប្រទេសអូស្ត្រាលី រួមមាន៖ Master of Management with Distinction និង Graduate Certificate in Business with Distinction ក្រោយខិតខំសិក្សារៀនសូត្រអស់ពេល៣ឆ្នាំ (២០២២-២០២៤)។ កញ្ញា រ៉ា នូវិគជ់ម៉ា ជាកូនស្រីលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កញ្ញា រ៉ា នូវិគជ់ម៉ា បានឱ្យដឹងថា សម្រាប់ការសិក្សានៅប្រទេសអូស្ត្រាលី គឺមានការប្រកួតប្រជែងណាស់ ដោយសារតែកញ្ញាចង់បញ្ចប់ការសិក្សាកម្រិតខ្ពស់ (Distinction)។ ម្យ៉ាងវិញទៀត កញ្ញាក៏ត្រូវធ្វើការក្នុងពេលតែមួយដូច្នេះ ទើបតម្រូវឱ្យកញ្ញាបែងចែកពេលវេលឱ្យបានច្បាស់លាស់។ ការសិក្សាមុខជំនាញ២ក្នុងពេលតែមួយកាន់តែផ្តល់ការលំបាក ប៉ុន្តែការតាំងចិត្ត និងការខិតខំ ទើបធ្វើឱ្យកញ្ញាទទួលបានលទ្ធផលល្អ។
កញ្ញា រ៉ា នូវិគជ់ម៉ា បានបន្តថា «ពេលបញ្ចប់ការសិក្សាភ្លាម នាងខ្ញុំត្រូវសម្រេចចិត្តថាត្រឡប់ទៅវិញ ឬបន្តការងារ ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍។ ដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារ នាងខ្ញុំបានដាក់ពាក្យធ្វើការនៅក្រុមហ៊ុនហិរញ្ញវត្ថុធំមួយ ហើយក៏បានទទួលការងារដោយជោគជ័យ»។
កញ្ញាថា ការបន្តធ្វើការនៅប្រទេសអូស្ត្រាលីសិននេះ ហេតុផលតែមួយគត់ គឺការអភិវឌ្ឍសមត្ថភាព និងជំនាញ ដើម្បីអាចយកទៅប្រើប្រាស់បានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
យុវតីកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណដល់អ្នកមានគុណរបស់ខ្លួនដែលបានទំនុកបម្រុង គាំទ្រ និងលើកទឹកចិត្តមករហូតមក ដោយកញ្ញាចាត់ទុកភាពជោគជ័យទាំងអស់អស់នេះ គឺបានមកពីការលះបង់របស់អ្នកមានគុណទាំងពីរ៕