(ឡុងដ៍)៖ ក្លិបបាល់ទាត់ Crystal Palace បានចុះកិច្ចសន្យានាំយកខ្សែការពារអន្តរជាតិម៉ារ៉ុករបស់ FC Barcelona កីឡាករ Chadi Riad លើកិច្ចសន្យារយៈពេលវែង។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
កីឡាករវ័យ ២០ឆ្នាំរូបនេះបានចូលរួមជាមួយ Palace បន្ទាប់ពីចំណាយពេល ១រដូវកាលលេងខ្ចីជើងនៅក្លិប Real Betis ជាទីដែលលោកបានលេង ៣០លើក ក្នុងការប្រកួតទាំងអស់។
លោកធ្លាប់បានបង្ហាញខ្លួនត្រឹមតែ ១លើកប៉ុណ្ណោះសម្រាប់ឈុតធំរបស់ Barcelona។
Riad បានទទួលការកោះហៅ ៣លើកផងដែរ លេងឱ្យក្រុមជម្រើសជាតិម៉ារ៉ុក ដោយបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួតទល់នឹងក្រុមសៀរ៉ាឡេអូន កាលពីខែមករា និងរកបានគ្រាប់ដំបូងរបស់លោកសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រកួតទល់នឹងកុងហ្គោកាលពីដើមសប្តាហ៍នេះ។
សូមបញ្ជាក់ថា Riad គឺជាកីឡាករដំបូងដែលបានផ្ទេរទៅកាន់ Palace ក្នុងរដូវកាលផ្ទេរកីឡាករនេះ ដែលបានបើកទ្វារនៅថ្ងៃសុក្រម្សិលមិញ៕