(ភ្នំពេញ)៖ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ Off-Road Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃហើយ ដោយស្ថិតក្នុងចំណោមក្រុមខ្លាំងទាំង១០ (TOP-10) បន្ទាប់ពីចំណាយពេលប្រកួតដ៏ស្វិតស្វាញជិត ១សប្ដាហ៍។

លោក ឈិត ឈុំសីហា ប្រធានដឹកនាំក្រុម Off-Road កម្ពុជា បានឲ្យដឹងថា នេះគឺជាកម្មវិធីដ៏ធំមួយប្រចាំប្រទេសថៃ ដោយមានក្រុមប្រណាំងរថយន្ដ Off-Road មកពី ៤ប្រទេសចូលរួមមានដូចជា កម្ពុជា ម៉ាឡេស៊ី ឡាវ និងម្ចាស់ផ្ទះថៃ។ ជាលទ្ធផលកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ២៨ក្រុម ស្មើនឹងរថយន្ដ ៨៤គ្រឿង។

ទោះបីលទ្ធផលមិនសូវល្អប្រសើរតាមការរំពឹងទុក ប៉ុន្ដែលោកបានចាត់ទុកការចូលរួម និងលទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងកីឡាករ ក្រុមការងារបច្ចេកទេស និងក្រុមគាំទ្រដែលជំរុញឱ្យក្រុម Off-Road ដំណើរការប្រកួតដោយរលូន និងបញ្ចប់ភារកិច្ចទៅតាមកម្មវិធីប្រកួតរបស់គណៈកម្មការរៀបចំ។

លោកបន្ដថា ក្រុមកម្ពុជាទទួលបាននូវចំណេះដឹង និងបទពិសោធច្រើន ដូចជាយល់ដឹងបន្ថែមលើបច្ចេកទេសឡាន ការរៀបចំក្រុម និងយុទ្ធសាស្ត្រជាច្រើនសម្រាប់ក្រុម Off-Road កម្ពុជាកសាងសមត្ថភាព និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតអន្ដរជាតិជាបន្ដបន្ទាប់ និងដណ្ដើមជយលាភីជូនជាតិមាតុភូមិ។

យ៉ាងណាមិញក្នុងនាមក្រុមកីឡាប្រណាំងរថយន្ដ Off-Road កម្ពុជា លោកបានសម្ដែងនូវក្ដីរីករាយ ចំពោះភាពជោគជ័យនៃការនាំយកទង់ជាតិកម្ពុជា បង្ហាញក្នុងព្រឹត្តិការណ៍អន្ដរជាតិ ជាពិសេសកម្មវិធី Off-Road Magnificent Ten 2024 ដែលជាកម្មវិធីដ៏ធំមួយប្រចាំនៅប្រទេសថៃ។ លោក ឈិត ឈុំសីហា បន្ថែម។

សូមរំឮកថា កម្ពុជាធ្លាប់បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ ៣ដងមកហើយ។ សម្រាប់ឆ្នាំនេះ កម្ពុជាបានបញ្ជូនរថយន្ដ ៣គ្រឿង ដែលចូលរួមប្រកួតលើវិញ្ញាសាជាក្រុម ក្នុងចំណោម ២៨ក្រុមចូលរួម ស្មើនឹងរថយន្ដសរុបចំនួន ៨៤គ្រឿង ខណៈលទ្ធផលក្រុមកម្ពុជា ស្ថិតក្នុងចំណោមក្រុមខ្លាំងទាំង១០ ប្រចាំកម្មវិធី ដោយទទួលបានចំណាត់ថ្នាក់លេខ៩៕