(បរទេស)៖ វ៉ែនតាវៃឆ្លាតរបស់ក្រុមហ៊ុន Apple គឺ Apple Vision Pro នឹងមានលក់នៅតាមបណ្តាប្រទេសនានា ក្រៅពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះទៅ ខណៈ Apple កំពុងតែព្យាយាមពង្រីកផលិតផលមួយនេះទៅកាន់ទីផ្សារ។ ជាពិសេស អតិថិជននៅប្រទេសអូស្ត្រាលី អាចទិញឧបករណ៍វៃឆ្លាតនេះបានហើយ ចាប់ពីថ្ងៃសុក្រនេះ។ ក្រៅពីនេះ Vision Pro ក៏នឹងដាក់លក់នៅកាណាដា បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ការពង្រីកទីផ្សារសម្រាប់វ៉ែនតា Vision Pro គឺនេះ​កើត​ឡើង​បន្ទាប់​ពី​ការ​ចេញ​លក់​​ដំបូង​នៅ​ក្នុង​ទីផ្សារ​អាស៊ី ដូចជា ចិន ហុងកុង ជប៉ុន និង​សិង្ហបុរី - នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនាកន្លងទៅ។ នៅហាងដ៏ធំបំផុតមួយរបស់ Apple នៅទីក្រុងឡុងដ៍ នៅផ្លូវ Regent អតិថិជនបានកក់ខ្លះៗទៅហើយ ខណៈពេលដែលក្រុមហ៊ុន Apple បានអនុញ្ញាតឱ្យអតិថិជនសាកល្បងឧបករណ៍នេះ នៅក្នុងហាងលក់ Vision Pro ផ្ទាល់តែម្តង ហើយវាក៏ត្រូវបានគេដឹងថា គឺជាផលិតផលថ្មីដែលមានតម្លៃថ្លៃខ្លាំងផងដែរ ពោលគឺស្ទង់ ៣,៤៩៩ដុល្លារ។

គួរជម្រាបថា ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយការរំពឹងទុកនៃការលក់ Vision Pro របស់ខ្លួនមកនៅត្រឹមប្រហែល ៤០០,០០០ ទៅ ៤៥០,០០០ គ្រឿងក្នុងឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពី ៧០០,០០០ ទៅ ៨០០,០០០គ្រឿង។ នេះបើយោងតាមលោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីនៅក្រុមហ៊ុន TF International Securities ។ លោក Kuo បានសន្មតថា ការព្យាករណ៍នៃការដឹកជញ្ជូនគឺទាបជាងនេះ ត្បិតតម្រូវការធ្លាក់ចុះ៕