(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដានេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១០គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ៨) ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championships) ឆ្នាំ២០២៤ ខណៈកីឡាករ ៥រូប ត្រូវប្រជែងមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះចាប់ពីវេលាម៉ោង ២:០០នាទីរសៀលតទៅ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ។
ចំពោះបេក្ខភាពត្រៀមប្រជែងមេដាយមាសថ្ងៃនេះ រួមមានកីឡាករ ឡុង ឡា ត្រូវជួបកីឡាករកាហ្សាក់ Nurtayev Dias (-60KG) , កីឡាករ ហ៊ុន ចាន់រាជ ត្រូវជួបកីឡាករកៀហ្ស៊ីស៊ីស្ថាន Nurali Uulu Almanbet (-120KG) , កីឡាករ អេ វីរៈខាំឈិតភូថង ត្រូវជួបកីឡាករកៀហ្ស៊ីស៊ីស្ថាន Erkebai_uulu Aizhigit (-71KG), កីឡាករ ហ៊ុន គឹមហៀង ត្រូវជួបកីឡាករកាហ្សាក់ស្ថាន Kairgali Adilbek (-71KG) និងកីឡាករ មាស ម៉ើ ត្រូវជួបកីឡាករកាហ្សាក់ស្ថាន Anas Nurkesh (-77KG) ។
ដោយឡែកម្ចាស់មេដាយមាសដំបូងរបស់កម្ពុជា កាលពីម្សិលមិញ គឺដណ្ដើមបានដោយកីឡាការិនី ខៀវ ចិន្ដារ័ត្ន បន្ទាប់ពីយកឈ្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូនេស៊ី Puspitasari Nurdiana វិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់ -៤៩គីឡូក្រាម និងម្ចាស់មេដាយប្រាក់ កីឡាការិនី គន្ធ វណ្ណនីតា បន្ទាប់ពីចាញ់កីឡាការិនីម៉ាឡេស៊ី Sze Teng Pang ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៦៩គីឡូក្រាម។ ក្រៅពីនេះ កម្ពុជា ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ៨គ្រឿងផ្សេងទៀតផងដែរ ៕