(ភ្នំពេញ)៖ ព្រឹត្តិការណ៍វាយកូនបាល់ពិភពលោកប្រចាំតំបន់អាស៊ី/អូសេអានី ក្រុម៤ (Davis Cup Asia/Oceania Group IV) ឆ្នាំ២០២៤ នៅកម្ពុជា បានរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយ សម្រាប់ការប្រកួតខ្វែងពូលកាត់សេចក្ដីរកក្រុមខ្លាំង ២ក្រុមឡើងទៅក្រុម៣ (Group III) ឆ្នាំ២០២៥ ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃកន្លងមក ។
សម្រាប់បេក្ខភាព ៤ក្រុមចុងក្រោយ រួមមានពូល A៖ លេខ១ កាតា និងលេខ២ ស្រីលង្ការ ។ រីឯពូលB ៖ លេខ១ គុយវ៉ែត និងលេខ២ ម្ចាស់ផ្ទះកម្ពុជា ។ ការណ៍នេះ ក្រុមកីឡាវាយកូនបាល់កម្ពុជា នឹងត្រូវជួបកាតា គ្រាដែលក្រុមគុយវ៉ែត ត្រូវជួបស្រីលង្ការ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ហើយក្រុមដែលទទួលបានជ័យជម្នះ ក្នុងវគ្គខ្វែងពូលនេះ នឹងទទួលបានកៅអីក្រុម៤ នៃព្រឹត្តិការណ៍ Davis Cup Asia/Oceania ឆ្នាំ២០២៥ តែម្ដង ។
គួរដឹងថា មុនឡើងវគ្គចែក ក្រុមម្ចាស់ផ្ទះកម្ពុជា បានឆ្លងកាត់ ៣ប្រកួតក្នុងពូលB ជាមួយលទ្ធផលឈ្នះ ២ និងចាញ់ ១ ពោលគឺឈ្នះអ៊ីរ៉ាក់ ៣-០ និងឈ្នះមីយ៉ាន់ម៉ា ៣-០ ។ រីឯការប្រកួតចុងក្រោយជាមួយក្រុមខ្លាំងគុយវ៉ែត ដែលធ្លាប់ឡើងដល់ក្រុម២ គឺបានចាញ់ ២-១ កាលពីម្សិលមិញ ដែលនាំឲ្យកម្ពុជា ឈរលេខរៀងទី២ ក្នុងពូល គ្រាដែលគុយវ៉ែត ឈរកំពូលតារាង ។ យ៉ាងណាមិញការប្រកួតថ្ងៃនេះ ពិតជាសំខាន់ ដោយកម្ពុជា ត្រូវការឈ្នះកាតាដាច់ខាត ដើម្បីឡើងទៅក្រុម៣ វិញ ៕