(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំឈានមុខគេ Qualcomm បានប្រកាសថាខ្លួននឹងរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញ «Snapdragon For India» នៅថ្ងៃទី៣០ខែកក្កដា ខាងមុខនេះ នៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ នៅក្នុងព្រឹត្តិការណ៍នេះ Snapdragon គូសបញ្ជាក់ថានឹងធ្វើការប្រកាសជាប្រវត្តិសាស្រ្តចំនួនពីរសម្រាប់ទីផ្សារឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមរូបភាព artwork នៃព្រឹត្តិការណ៍នេះបានបង្ហាញថា Qualcomm អាចនឹងប្រកាសអំពីបន្ទះឈីប Snapdragon ដែលអនុញ្ញាតឱ្យមានការតភ្ជាប់ 5G និងបច្ចេកវិទ្យា AI នៅលើទូរស័ព្ទលំដាប់ថវិកា (តម្លៃទាប) សម្រាប់ទីផ្សារឥណ្ឌា។ ទន្ទឹមនឹងនេះ កុំព្យូទ័រយួរដៃ Surface Copilot+PC ដែលដំណើរការដោយ Snapdragon X Elite និង Snapdragon X Plus របស់ក្រុមហ៊ុន Microsoft ថ្មីៗនេះបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា ដូច្នេះហើយ Qualcomm ក៏អាចបង្ហាញកុំព្យូទ័រយួរដៃដែលដំណើរការដោយ Snapdragon ថ្មីនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
គួរជម្រាបដែរថា ជុំវិញព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Qualcomm នៅមិនទាន់មានការបង្ហាញជាសាធារណៈនៅឡើយនោះទេ។ ដូច្នេះមានតែរង់ចាំមើលព្រឹត្តិការណ៍ដ៏ធំនៅចុងខែនេះដើម្បីដឹងកាន់តែច្បាស់៕