(បរទេស)៖ ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម (EV) បានប្រកាសពីការពន្យារពេលក្នុងការបើកដំណើរការរោងចក្រដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លាររបស់ខ្លួននៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។ ឥឡូវនេះ ក្រុមហ៊ុនកំពុងជំរុញការបើករោងចក្រឡើងវិញដល់ឆ្នាំ ២០២៨ ដែលជាការពន្យារពេលបីឆ្នាំពីពេលវេលាដើម ព្រមទាំងកាត់បន្ថយការព្យាករណ៍ដឹកជញ្ជូនរបស់ខ្លួនសម្រាប់ឆ្នាំនេះចំនួន ២០,០០០គ្រឿងថែមទៀតផង ចំពេលមានភាពមិនច្បាសល់លាស់នៅក្នុងទីផ្សារ EV ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

VinFast ដែលបានបង្កើតឡើងដោយមហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong ក្នុងឆ្នាំ២០១៧ ហើយបានងាកមកផលិតរថយន្តអគ្គិសនីពេញលេញនៅឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងចែកចាយរថយន្តចំនួន ៨០,០០០គ្រឿងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីផែនការដំបូងចំនួន ១០០,០០០គ្រឿង។ ជុំវិញការពន្យាពេលនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្ន ដែលប៉ះពាល់ដល់ឧស្សាហកម្ម EV។

ក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនប្រសិទ្ធភាពការបែងចែកដើមទុន និងគ្រប់គ្រងការចំណាយរយៈពេលខ្លីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើធនធានបន្ថែមទៀតលើការជួយដល់គោលដៅកំណើនរយៈពេលជិត (មានន័យថា គោលដៅដែលនឹងមកដល់ក្នុងពេលឆាប់ៗ) និងពង្រឹងប្រតិបត្តិការដែលមានស្រាប់។

បើទោះបីជាមានការធ្លាក់ចុះក៏ដោយ VinFast បានរាយការណ៍ពីកំណើននៃការលក់ជាវិជ្ជមាន ដោយបានចែកចាយរថយន្តចំនួន ២១,៧៤៧គ្រឿងនៅត្រីមាសទីមួយនៃឆ្នាំ២០២៤ កើនឡើង ៩២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ VinFast នៅតែរំពឹងថានឹងមានកំណើននៃការលក់ខ្លាំងនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលជំរុញដោយផលិតផលចម្រុះ និងការពង្រីកនៅក្នុងតំបន់សំខាន់ៗ រួមទាំងទីផ្សារថ្មីនៅអាស៊ី និងទីផ្សារដែលមានស្រាប់ផងដែរ៕